ភ្នំពេញ៖ ចិនបានប្រគល់រថយន្តនិងសម្ភារៈមួយចំនួនរបស់ក្រសួងការពារប្រទេសចិន ជូនដល់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលដៅពង្រឹងសមត្ថភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នាឱកាសនេះ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ពិធីផ្ទេរ-ប្រគល់រថយន្ត និងសម្ភារៈមួយចំនួនរបស់ក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិនាព្រឹកថ្ងៃនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូចជា ការហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ, ជំនាញសុខាភិបាលនិងមនុស្សធម៌, ការការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាការរស់នៅសុខសាន្តរបស់ប្រជាជន និងទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូចក្នុងសង្គម។