Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាចង់សម្រួលឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ មានបំណងឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្ដម ថោង ខុន មានបំណងស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។

ការលើកឡើងនូវសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) នៅថ្ងៃទី១៩ កញ្ញា នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្ដម ហោ សារុន បានថ្លែងថា ប្រជាពលរដ្ឋថៃខ្លះចង់មកលេងប្រាសាទអង្គរវត្ត តែអត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា។

ឯកឧត្ដម ហោ សារុន បានបន្តថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនា ដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅ តាមខេត្តជាប់ព្រំដែនកម្ពុជា។

គួរបញ្ជាក់ថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា មានខេត្តឧត្បុលរាជធានី ជាប់ខេត្តព្រះវិហារ និង ខេត្តស្រីសាកេត ជាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ខេត្តសុរិន្ទ្រ ជាប់ជាមួយខេត្តឧត្តរមានជ័យ និង ខេត្តបុរីរម្យ ជាប់ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង, ខេត្តចន្ទបុរី ជាប់ខេត្តបាត់ដំបង និងខេត្តបៃលិន និង ខេត្តត្រាត ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។

បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ-ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង