
ក្រុងព្រះសីហនុ៖ សង្កាត់ទាំង៤នៃខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ចុះបង្រ្កាបទីតាំងល្បែងស៊ីសងនៅតាមទីប្រជុំជន ផ្សារ តាមហាងកាហ្វេ មានដូចជា កន្ទុយលេខ បៀ អាប៉ោង ជល់មាន់តាមប្រព័ន្ធអនឡាញហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចុះអនុវត្តដកហូតធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៅទៀត។
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពក្រុងដឹកនាំដោយ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ។
ចំពោះម្ចាស់ទីតាំងដែលបើកល្បែងស៊ីសងនាពេលកន្លងមក ក្រោយពីសមត្ថកិច្ចដកហូតសម្ភារៈ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់ បើនៅលួចបន្តសកម្មភាព សមត្ថកិច្ចនឹងអនុវត្តទៅតាមនីតិវិធីច្បាប់៕






