Yearendyearend1140x150

សម្តេច ស ខេង ចាត់ទុក«ល្បែងខុសច្បាប់»ជាមេរោគមហារីកសង្គម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងចាត់ទុក«ល្បែងស៊ីសងខុសច្បាប់»ជាមេរោគមហារីកសង្គមកម្ពុជា ខណៈដែលល្បែងស៊ីសងនេះហើយ ជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា។ សម្តេចថ្លែងបែបនេះបន្ទាប់ពីកិច្ចប្រជុំ ស្តីពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ នាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់នៃកិច្ចប្រជុំនេះ សម្តេច ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបង្រ្កាបបនល្បែងខុសច្បាប់គ្រប់ប្រភេទ ដោយសារការជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់ទាំងនេះហើយ ធ្វើឲ្យកម្ពុជាកំពុងមានឈ្មោះមិនសូវល្អលើឆាកអន្តរជាតិ ជាពិសេសក្រោយដែលអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ជាប្រទេសទីបី ក្នុងការមិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជូញដូរមនុស្សនេះ។

សម្តេច ស ខេង បានលើកឡើងថា រដ្ឋាភិបាលមានយន្តការចំនួន៣ ដែលធ្វើការជាមួយគ្នាមិនមែនតែការបង្រ្កាបល្បែង វាទៅព្រមជាមួយគ្នា សង្រ្គោះជនរងគ្រោះ បង្រ្កាបល្បែង ផ្តន្ទាទោស អ្នកប្រព្រឹត្តបទល្មើសបើកល្បែងខុសច្បាប់។ គ្រប់គ្រងជនបរទេស និងបង្កើនការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជា អត្ថពលករ បរទេសចូលមកកម្ពុជាឲ្យបានត្រឹមត្រូវ ចូលមកមានប័ណ្ឌការងារ ដើម្បីធ្វើការនៅក្នុងក្រុមហ៊ុន ឬសហគ្រាសនានានៅក្នុងប្រទេសកម្ពុជា ជៀសវាងការធ្លាក់ក្នុងឧបាយកលផ្សេងៗ អ្នកដែលចូលមកមិនត្រឹមត្រូវទៅជាឆបោក ការធ្វើទារុណកម្ម កើតជាអំពើហិង្សា។

ប៉ុន្តែយ៉ាងណាក៏ដោយសម្តេច ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំពុងខិតយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្លត់ភ្លើងនៃមហារីកសង្គមនេះឲ្យអស់ ហើយប្រសិនបើមិនប្រញ៉ាប់ពន្លត់វាទេ វានឹងរីករាលដាលដល់បទល្មើសផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា រួមទាំងប៉ះពាល់ដល់ការពង្រឹង ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

សម្តេច ស ខេង ក៏បានបញ្ជាក់ផងដែរថា គោលដៅសង្ស័យច្រើនជាងគេ ចំពោះជួញដូរមនុស្ស និងបនល្បែងខុសច្បាប់តាមអនឡាញនេះ គឺនៅខេត្តព្រះសីហនុ ហើយអាជ្ញាធរចម្រុះបានកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មផងដែរ ដោយបានចាប់ជនល្មើសយកទៅផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន និងបានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុតពីការជួញដូរ និងធ្វើទារុណកម្មបានយ៉ាងច្រើនផងដែរ៕  



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង