ភ្នំពេញ៖ កញ្ញា អ៊ឹង ហ៊ុយមាន ត្រូវបានប្រិយមិត្ដអ្នកអានជាច្រើន ស្គាល់ថាជាអ្នកនិពន្ធម្នាក់ ដែលនិពន្ធរឿងបែបបរទេស និងកំសត់ទឹកភ្នែកផងនោះ មាននាមប៉ាកកា «រ៉ូសម៉ាលី»។ កញ្ញា រ៉ូសម៉ាលី បានចាប់ផ្ដើមនិពន្ធប្រលោមលោកតាំងពីឆ្នាំ២០១៥ មកម្លេះ។ រហូតមកដល់បច្ចុប្បន្ន កញ្ញា រ៉ូសម៉ាលី និពន្ធប្រលោមលោកបាន ២៦ចំណងជើង ត្រូវនឹង ៣២ក្បាល។
កញ្ញា រ៉ូសម៉ាលី បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យ ប៉ាក់ខ្លង ខេត្ដកោះកុង នៅឆ្នាំ២០១៣ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ បច្ចុប្បន្ន កញ្ញាជាបុគ្គលិកបម្រើការងារនៅស្ថាប័នសិក្សាឯកជនមួយកន្លែង និងជាអ្នកនិពន្ធប្រលោមលោកមួយរូបផងដែរ។
កញ្ញា រ៉ូសម៉ាលី បានឱ្យដឹងថា ការសរសេរប្រលោមវាគឺជាវិធីដែលអាចយកការស្រមើស្រមៃចេញមកខាងក្រៅបាន ហើយការសរសេរប្រលោមលោកមួយបានវាពិតជាត្រូវការការស្រមើស្រមៃខ្ពស់ ហើយវាស៊ីចង្វាក់នឹងអ្វីដែលកញ្ញាកំពុងមាន។ ប៉ុន្ដែកញ្ញាពុំមានមូលដ្ឋានគ្រឹះក្នុងការតែងនិពន្ធ ហើយការចាប់ផ្ដើមដំបូងមិនបានល្អឥតខ្ចោះទាំងស្រុងនោះទេ តែវាគឺជាជំហានដំបូងដែលនាំឱ្យកញ្ញាស្គាល់ជំហានបន្ទាប់ ហើយវាពិតជាដូចការរំពឹងទុក ពីមួយចំណងជើងទៅមួយចំណងជើង កញ្ញាកាន់តែយល់ពីខ្លួនឯង កាន់តែយល់ពីទំហំនៃក្ដីស្រមៃ និងដំណើរវែងឆ្ងាយនៃការនិពន្ធផងដែរ។
កញ្ញា រ៉ូសម៉ាលី បាននិយាយថា កញ្ញាបានចាប់ផ្ដើមសរសេររឿងតាំងពីឆ្នាំ២០១៥មកម្លេះ ហើយក៏បានបោះពុម្ភផ្សាយជាផ្លូវការនៅក្នុងឆ្នាំ២០១៥ ដូចគ្នាដែរ។ សៀវភៅដំបូង ដែលបានបោះពុម្ពផ្សាយមានចំណងជើងថា «ប្រមាញ់ស្នេហ៍រាជសីហ៍» ជារឿងបែបបរទេស បានចេញផ្សាយនៅក្រុមសៀវភៅ Blue Romance ។
កញ្ញា រ៉ូសម៉ាលី បានបន្ដថា រហូតមកដល់បច្ចុប្បន្ន កញ្ញាបានសរសេរប្រលោមលោកបាន ២៦ចំណងជើង និង៣២ក្បាល មានចំណងជើងខ្លះមានចែកចេញជាភាគ១ និងភាគ២ និងភាគ៣។ ក្នុងនោះដែរ២១ចំណងជើង និង២២ក្បាល កញ្ញាបានធ្វើការបោះផ្សាយនៅក្នុង Blue Romance ជាស្នាដៃកំឡុងឆ្នាំ ២០១៥-២០១៧ និងបច្ចុប្បន្នកញ្ញាជាអ្នកនិពន្ធប្រចាំក្រុម ម៉ាដាមប៊ុក(Madam Books) ចេញបានផ្សាយ៦ចំណងជើង និង ១១ក្បាល ជាស្នាដៃពីឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ន។
កញ្ញា រ៉ូសម៉ាលី បានបន្ថែមថា ស្នាដៃនៅក្នុងក្រុម Blue Romance មានដូចជារាជសីហ៍ប្រមាញ់ស្នេហ៍, រាជសីហ៍ចាញ់ស្នេហ៍, ពន្យុះស្នេហ៍ថ្ពក់បេះដូង, អន្ទាក់ស្នេហ៍ទាក់បេះដូង, ក្ដោបស្នេហ៍កញ្ញាពិសពុល, ជន្លស្នេហ៍កម្លោះសម្បូរបែប, នុយស្នេហ៍ទេវបុត្រទឹកកក, មន្ដស្នេហ៍កញ្ញាហៃសូ, បល្ល័ង្កស្នេហ៍រាជបុត្រមច្ចុរាជ, ផ្ដាច់ការស្នេហ៍ម៉ាហ្វៀ, ក្រមុំបម្រើHi-techដាស់បេះដូងកំលោះMillionaire និងមានរឿងជាច្រើនទៀត។
ចំណែកស្នាដៃនៅក្នុងក្រុម Madam Books មានដូចជា ឈ្លើយស្នេហ៍ព្រានកំណាច (ភាគ១ និងភាគ២), អន្លង់សួគ៌នរកស្នេហ៍ (ភាគ១ និងភាគបញ្ចប់), ស្រមោលសួគ៌បង្វែងនរកស្នេហ៍ (ភាគ១ និងភាគបញ្ចប់), វិមានសួគ៌, ក្រមុំបម្រើដាស់បេះដូងកំលោះ Millionaire (ច្បាប់កែសម្រួលថ្មី) និងរឿងបង្រ្កាបស្នេហ៍បុត្រារាជសីហ៍ The Mafia’s Heirs (Blood And Honor) ភាគ១, ភាគ២, ភាគ៣។
កញ្ញា រ៉ូសម៉ាលី បានបន្ថែមទៀតថា ក្នុងចំណោមចំណងជើងទាំងអស់រឿងដែលទទួលបានការគំាទ្រច្រើននោះ និងមានសន្ទុះប្រហាក់ប្រហែលគ្នាមានដូចជា បួងស្នេហ៍បេះដូងឬស្យា, បួងស្នេហ៍បេះដូងអហង្ការ, បួងស្នេហ៍កំពូលផ្ដាច់ការ, រុករានស្នេហ៍ម៉ាហ្វៀ, បម្រើស្នេហ៍ម៉ាហ្វៀ និងរឿងផ្ដាច់ការស្នេហ៍ម៉ាហ្វៀ។
កញ្ញា រ៉ូសម៉ាលី បានឱ្យដឹងថា ផលវិបាកដែលបានជួបក្នុងពេលសរសេរសៀវភៅគឺកញ្ញាចូលចិត្ដមនោសញ្ចេតនាស៊ីជម្រៅ និងត្រូវការភាពពេញលេញនៅក្នុងសាច់រឿង ដូច្នេះរឿងភាគច្រើនសុទ្ធសឹងជាប្រលោមលោកខ្នាតវែង ហើយប្រាកដណាស់ថាវាត្រូវការពេលវេលាជាច្រើនសម្រាប់សរសេរវាឱ្យរួចរាល់ បន្ទាប់ពីគ្រោងរួចរាល់។ បន្ថែមពីនេះទៀត បន្ទាប់ពីរឿងបានចេញផ្សាយហើយ ផលលំបាកដែលបានជួបប្រទះនោះគឺ ការថតចំលងស្នាដៃផ្សព្វផ្សាយ (ជាPDF) ដោយគ្មានការអនុញ្ញាត ការល្មើសកម្មសិទ្ធិបញ្ញា មិនគោរពចំពោះការខិតខំរបស់អ្នកនិពន្ធ ព្រោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។
កញ្ញា រ៉ូសម៉ាលី បាននិយាយថា បើទៅបីជាជួបផលវិបាកបែបនេះក្ដី ប៉ុន្ដែទៅថ្ងៃមុខ កញ្ញានៅតែបន្ដការងារជាអ្នកនិពន្ធ កញ្ញាមិនអាចបោះបង់ការនិពន្ធបានឡើយ ព្រោះការងារនិពន្ធបានក្លាយជាផ្នែកមួយនៃជីវិតរបស់កញ្ញា ហើយកញ្ញានៅតែមានការស្រមើស្រមៃ ដែលអាចសរសេរវាចេញមកចែកជូនអ្នកអាន ហើយកញ្ញានៅតែស្រឡាញ់ និងផ្ដល់តម្លៃឱ្យកិច្ចការនេះជានិច្ច។
កញ្ញា រ៉ូសម៉ាលី បានឱ្យដឹងទៀតថា កញ្ញាក៏មានស្នាដៃថ្មីដែលត្រៀមនឹងចេញផ្សាយនាពេលខាងមុខ ជាប្រលោមលោករសជាតិថ្មីដែលកញ្ញាកំពុងរៀបចំ និងកំពុងតែងនិពន្ធក្រោមចំណងជើងថា «ព្រេងនិទានចម្លែក (The Strange Tales)» ដែលជាខ្សែរឿងមនោសញ្ចេតនា វែកញែករវាងពិភពពិត និងពិភពមិនពិត ហើយស្នាដៃថ្មីនេះ មានគម្រោងចេញផ្សាយនូវដើមឆ្នាំ ២០២៣ នេះ៕