Yearendyearend1140x150

មន្ទីរសាធារណការខេត្តកណ្ដាលរកឃើញរថយន្ត៣៣គ្រឿងលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

កណ្ដាល៖ រថយន្តធុនធ្ងន់ចំនួន៣៣គ្រឿង ត្រូវបានត្រួតពិនិត្យរកឃើញដឹកជញ្ជូនលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ ដោយក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខេត្តកណ្ដាល នាថ្ងៃទី១៣-១៤ កញ្ញា កន្លងទៅនេះ។

ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣-១៤ កញ្ញា បានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពីអភិបាលរងខេត្តកណ្ដាល និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

ប្រតិបត្តិការនេះ បានត្រួតពិនិត្យរកឃើញរថយន្តធុនធ្ងន់ចំនួន៣៣គ្រឿងលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ តាមរយៈការដាក់ជញ្ជីងថ្លឹងនៅចំណុចគល់ស្ពានព្រែកសំរោង ផ្លូវលេខ២១បេ ភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល តាំងពីថ្ងៃរសៀលរហូតដល់ពាក់កណ្ដាលយប់អាធ្រាត ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម គឹម សាន់ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងបានណែនាំកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ កញ្ញា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ទុកយានយន្តសរុបទូទាំងប្រទេសចំនួន ២៦៣គ្រឿង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង