
ប៉េកាំង៖ រដ្ឋាភិបាលចិន នៅថ្ងៃទី ១៥ កញ្ញា បានរៀបចំព្រះរាជពិធីខួប ១០០ ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ព្រះរាជពិធីនេះមានការយាង និងចូលរួមដោយព្រះមហាក្សត្រ និង សម្តេចម៉ែ និង លោក Wang Qishan អនុប្រធានាធិបតីចិន។
ពិធីបានរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង ដោយមានការយកចិត្តទុកដាក់យ៉ាងល្អពីរដ្ឋាភិបាលនៃប្រទេសចិន ក្នុងន័យរំលឹកខួប ១០០ ព្រះវស្សា នៃការប្រសូតសម្តេចព្រះ នរោត្តម សីហនុ និងបង្ហាពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ចិន។
លោក Wang Qishan បានថ្លៃងថា សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានទំនាក់ទំនងល្អជាមួយមេដឹកនាំចិនបន្តបន្ទាប់ និងបានរួមចំណែកដែលមិនអាចកាត់ថ្លៃបានចំពោះមិត្តភាពចិន-កម្ពុជា។លោកថា ក្នុងវត្តមានសម្តេចព្រះនរោត្តម សីហនុ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន មានរីកចម្រើនយ៉ាងរឹងមាំ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ។
បើតាមលោក Wang Qishan នៅក្រោមកាលៈទេសៈថ្មី ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីកសាងសហគមន៍ដែលមិនអាចបំបែកបានជាមួយនឹងអនាគតរួមគ្នាមួយ ក្រោមការណែនាំជាយុទ្ធសាស្រ្តនៃការដឹកនាំរបស់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ឆ្នាំនេះជាខួប ១០០ ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ក្នុង១ ព្រះជន្មរបស់ព្រះអង្គ បានពុះពារបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីប្រទេសជាតិ សាសនា និង ប្រជារាស្ត្រកម្ពុជា។ប្រជាជាតិកម្ពុជា នៅតែចងចាំជានិច្ច ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ហើយព្រះអង្គស្ថិតនៅក្នុងប៉ះដូងពលរដ្ឋកម្ពុជាទាំងមូលមកដល់សព្វថ្ងៃនេះ៕