Yearendyearend1140x150

ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ ក្នុងតម្លៃជាង២០ម៉ឺនដុល្លារបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/
(រូបភាព៖ Sakhon Veng)

ភ្នំពេញ៖ ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មចំរើនផលរាំងកេសី ស្ថិតនៅឃុំរាំងកេសី ស្រុកសង្កែរ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ចាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ សមិទ្ធផលនេះបានពីជំនួយឧបត្ថម្ភរបស់អង្គការ JICA តាមរយៈគម្រោង RSPP សហគមន៍ចំរើនផលរាំងកេសីបានទទួលការគាំទ្រថវិកាសរុបចំនួន ២៣៨ ២១៤ដុល្លារ ក្នុងនោះសម្រាប់សាងសង់ឃ្លាំង និងលានហាលមានចំនួន ១៧០ ១២២ដុល្លារ ទិញម៉ាស៊ីនសម្អាតគ្រាប់ពូជស្រូវចំនួន ៣០ ៧៥០ដុល្លារ និងសេវាកម្មទីប្រឹក្សាមានចំនួន៣៧ ៣៤២ ដុល្លារ។

ចំពោះសមិទ្ធផលនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយឧបត្ថម្ភ របស់អង្គការ JICA និងការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជំនាញការជប៉ុនដែលបានជួយជ្រោមជ្រែងទាំងបច្ចេកទេស និងហិរញ្ញវត្ថុធ្វើឲ្យសហគមន៍កសិកម្មចំរើនផលរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ឯកឧត្តមបន្តថា ឃ្លាំង លានហាលស្រូវ និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយពូជស្រូវបានទូលំទូលាយ បង្កើនបរិមាណផលិតពូជស្រូវកាន់តែមាន ប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ JICA កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា គម្រោងនេះបានជួយមន្ត្រីសហការទាំងនៅអគ្គនាយដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤ មានខេត្តព្រៃវែង កំពង់ឆ្នាំ តាកែវ និងខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតកម្ម ការគ្រប់គ្រងផលិតកម្មគ្រាប់ពូជស្រូវ ការរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព និងការបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។

លើសពីនេះ គម្រោងបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមសហគមន៍កសិកម្មក្នុងខេត្តគោលដៅត្រូវបានបំពាក់ និងកែលម្អ ដែលនឹងជួយឱ្យដំណើរការធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងសហគមន៍ និងការប្រើប្រាស់គ្រាប់ពូជស្រូវកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង