
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញានេះនៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដំណាំស្រូវវស្សាប៉ះពាល់ដោយសារទឹកជំនន់មានចំនួន ៨ ៥៧០ហត ខូចខាតជាង ៥ ០០០ហត និងបានស្តារឡើងវិញចំនួនជាង ២ ៨០០ហត។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកញ្ញានេះ បានដឹកនាំក្រុមការងារបានបន្តចុះពិនិត្យមើលស្ថានភាពខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់នៅក្នុងភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ដាំណាំស្រូវ វស្សាប្រមាណជាង ៥ ០០០ហត ខូចខាត ៣ ២២៥ហត និងបានស្តារឡើងវិញបានប្រមាណ ២ ៣៨០ហត ។
លោកមេឃុំរហាត់ទឹក ស្រុកមង្គលបុរី ព្រមជាមួយប្រជាពលរដ្ឋបានឲ្យដឹងថា បញ្ហាប្រឈមជារួមនៃទឹកជំនន់ក្នុងឃុំរហាត់ទឹកគឺការរំដោះទឹកមិនទាន់ដោយសារទំនប់បញ្ចាល់ទឹកពោធិពីរដើមចាស់មិនអាចរំដោះទឹកបានគ្រប់ ហើយនិងនៅពេលបច្ចុប្បន្ននេះគឺកំពុងធ្វើការស្តារឡើងវិញនៅទំនប់បញ្ចាល់ទឹកពោធិនេះ បានធ្វើឲ្យការរំដោះទឹកជំនន់មិនបានគ្រប់គ្រាន់និងទាន់ពេលវេលា ដែលបានបន្តធ្វើឲ្យទឹកចាល់ជន់លិចរយ:ពេលយូក្នុងរដូវវស្សានេះ៕


