Yearendyearend1140x150

រដ្ឋបាលខេត្តកណ្ដាលចុះពិនិត្យលើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល មុនស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទវាយតម្លៃជាខេត្ត ODF

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល

កណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល ក្នុងខែកញ្ញានេះ នឹងចុះផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបានចប់សព្វគ្រប់ទាំង១១ក្រុង-ស្រុកក្នុងខេត្ត ដើម្បីត្រៀមស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យវាយតម្លៃជាផ្លូវការថាខេត្តកណ្ដាលពិតជាខេត្ត ODF ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្នុងខែកញ្ញានេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញនឹងចុះផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបានចប់សព្វគ្រប់ទាំង១១ក្រុង-ស្រុកក្នុងខេត្ត ត្រៀមស្មើទៅក្រសួង ចុះមកពិនិត្យវាយតម្លៃជាផ្លូវការថាខេត្តកណ្ដាលពិតជាខេត្ត ODF ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស។

ឯកឧត្តម នុត ពុធដារ៉ា បានបន្ដថា ដើម្បីធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF មានន័យថាប្រជាពលរដ្ឋក្នុងខេត្តទាំងទូទាំងខេត្តកណ្ដាល គឺមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ បញ្ឈប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល ទាំងការចិញ្ចឹមសត្វពាហនៈ មាន់ទាក៏ត្រូវមានទ្រុងដាក់ សំអាតលាមកជាប្រចាំ។

ឯកឧត្តម នុត ពុធដារ៉ា បានបន្ដទៀតថា ដើម្បីធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF អាជ្ញាធរ ភូមិ-ឃុំ-ស្រុក ត្រូវតែខិតខំចុះផ្សព្វផ្សាយអប់រំណែនាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាព ភាពស្អាត និងអនាម័យ ត្រូវធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ ចេះធ្វើអនាម័យខ្លួនប្រាណ ដៃជើងជាប្រចាំជាមួយសាប៊ូ និងចេះសម្អាតបរិស្ថានជុំវិញផ្ទះផងដែរ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាលទទួលបាន ODF ចំនួន ៤ស្រុករួមហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទ គឺមាន ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល និងនាពេលថ្មីៗនេះ ស្រុកល្វាឯម ស្រុកកោះធំ ស្រុកពញាឮ និងក្រុងតាខ្មៅ ត្រូវបានជាប់ជាក្រុង-ស្រុក ODF ក្នុងក្របខ័ណ្ឌផ្ទៃក្នុងរបស់ខេត្ត ដែលមិនទាន់ធ្វើលិខិតបញ្ជូនទៅក្រសួងធ្វើការប្រកាសជាផ្លូវការនៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង