
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩កញ្ញានេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង/ អគារដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារ ធ្វើរបាយការណ៍ស្តីពីវត្តមានជនបរទេសដែលបានមកស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំង/អគារដែលខ្លួនគ្រប់គ្រង ជូនដល់អាជ្ញាធរមូលដ្ឋានជាប្រចាំ។
បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការពារសន្តិសុខ សុវត្ថិភាពដល់ជនបរទេសដែលបានមកស្នាក់នៅ និងប្រកបមុខរបរ ក្នុងព្រះរាជាណាចក្រ កម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
រដ្ឋបាលខេត្តព្រះសីហនុ ស្នើម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយ ការណ៍ស្តីពីវត្តមានជនបរទេសដែលបានមកស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំង/អគារដែលខ្លួនគ្រប់គ្រង ដូច មានគំរូរបាយការណ៍ភ្ជាប់មកជាមួយ។ សម្រាប់ព័ត៌មានដែលត្រូវបំពេញក្នុងតារាង ដែលមាននៅក្នុងរបាយការណ៍ ស្នើសរសេរជាភាសាអង់គ្លេស។
សូមជម្របថា របាយការណ៍នេះ ត្រូវផ្ញើមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ដែលទីតាំងអគារស្ថិតនៅ ឱ្យបាន មុន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជាកំណត់៕

