ភ្នំពេញ៖ក្រុមការងាររបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបើកគណនី WeChat របស់ខ្លួនជាផ្លូវការ ដើម្បីពង្រីកបណ្តាញសុំជំនួយសម្រាប់ពលរដ្ឋចិននៅកម្ពុជាបន្ថែមទៀត ហើយគណនីនេះ សម្រាប់សេវាសុំជំនួយរបស់ជនបរទេសជាភាសាចិន។នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសនៅលើគណនីសាធារណៈ WeChat កាលពីល្ងាចថ្ងៃទី៧ កញ្ញា។
យោងតាមការអះអាងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា មានពលរដ្ឋចិនមួយចំនួន ត្រូវក្រុមបោកប្រាស់តាមអនឡាញចាប់ជំរិត និង រឹតត្បិតសេរីភាពផ្ទាល់ខ្លួនជាដើម។សកម្មភាពនេះ កើតឡើងជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា។
បើតាមស្ថានទូតចិន អាជ្ញាធរអនុវត្តច្បាប់របស់ប្រទេសចិន និងកម្ពុជា និងស្ថានទូតនៅកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ក្រាបក្រុមបោកប្រាស់តាមអនឡាញ ហើយម្យ៉ាងវិញទៀត បានអនុវត្តយ៉ាងសកម្មនូវប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋចិនដែលកំពុងស្វែងរកជំនួយ និង សម្រេចបានលទ្ធផលជាវិជ្ជមាន។
ជាថ្មីម្តងទៀត ស្ថានទូតចិនបានក្រើនរំលឹកដល់ពលរដ្ឋចិន កុំជឿលើការជ្រើសរើសបុគ្គលិកក្លែងក្លាយដែល"ប្រាក់ខែខ្ពស់" របស់ក្រុមបោកប្រាស់តាមអនឡាញ និង លួចចូលក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ បើមិនដូច្នេះទេ អាចនឹងត្រូវឧក្រិដ្ឋជនចាប់ឃុំខ្លួនដោយខុសច្បាប់ និងជំរិតទារប្រាក់ដ៏ខ្ពស់។
ស្ថានទូតបានសង្កត់ធ្ងន់ថា ប្រសិនបើត្រូវបានឃុំខ្លួនជនរងគ្រោះ សមាជិកគ្រួសារ ឬអ្នកដែលបានដឹងដំណឹងគួរតែព្យាយាមរាយការណ៍ទៅកាន់នគរបាលប្រទេសចិន និង កម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬរាយការណ៍ទៅស្ថានទូតចិនប្រចាំនៅកម្ពុជា។