
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដើម្បីពិនិត្យពិភាក្សាលើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនាពេលឆាប់ៗខាងមុខ។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ផែនការ ឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយ ឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះដែរចំពោះ ទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រចបាន ៩៦,៦០% គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ - ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅក្នុងព្រះរាជាណា ចក្រកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកប្រមាណពីរម៉ោងប៉ុណ្ណោះ ព្រមទាំង ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕


