Yearendyearend1140x150

រដ្ឋបាលខេត្តបាត់ដំបង៖ផ្ទះពលរដ្ឋនៅតំបន់អភិរក្សត្រូវលាបពណ៌តាមការកំណត់របស់រដ្ឋបាលខេត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ កញ្ញា បានរៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ ក្នុងក្រុងបាត់ដំបង ដើម្បីដើម្បីឱ្យពលរដ្ឋមានការយល់ដឹងអំពីគោលបំណងនៃការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការកាត់សំយ៉ាបមុខផ្ទះ ឬផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗ និងការលាបថ្នាំពណ៌ផ្ទះជាដើម ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដើម្បីរៀបចំទីក្រុងឱ្យមានសណ្ដាប់ធ្នាប់ ផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់អភិរក្ស គឺត្រូវធ្វើការលាបពណ៌ផ្ទះរបស់ខ្លួនតាមការកំណត់ពណ៌របស់រដ្ឋបាលខេត្ត ហើយសម្រាប់ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅលើផ្លូវលេខ១ និងលេខ៣ គឺអាចលាបពណ៌តាមចំណង់ចំណូលចិត្តបាន ក៏ប៉ុន្តែមុននឹងធ្វើការលាបត្រូវស្នើសុំដល់អាជ្ញាធរ ដើម្បីឱ្យអាជ្ញាធរពិនិត្យជាមុនសិន។

ឯកឧត្តម សុខ លូ បានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបងបានខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យកាន់តែមានរបៀបរៀបរយ ក្នុងនោះមានទាំង ការរៀបចំទុកដាក់សំរាម ការប្រមូលជនញៀនថ្នាំ ជនមានសតិមិនគ្រប់ និងជនអនាថាដែលនៅតាមសាធារណៈ និងការកាត់ដើមឈើក្នុងក្រុងគ្រប់ប្រភេទ ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងក្រុង។

ក្នុងនោះឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សហការជាមួយរដ្ឋបាលខេត្តក្នុងការចេះទុកដាក់រៀបចំសំរាមរបស់ខ្លួន ពិសេសចូលរួមក្នុងការបង់ថ្លៃជូនដល់ក្រុមហ៊ុនប្រមូលសំរាម ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាព ក្នុងការទិញជារថយន្តបន្ថែម ឬឧបករណ៍ ឬមានបុគ្គលិកសម្អាតកាន់តែច្រើន និងធ្វើការប្រមូលសំរាមឱ្យកាន់តែឆាប់រហ័សជាងមុន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សទាំងអស់ បានចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក្នុងការសហការរៀបចំការកាត់សំយ៉ាបផ្ទះ ការកាត់ផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗនៅមុខផ្ទះ ដែលនេះគឺជាមោទនភាពមួយដែលប្រជាពលរដ្ឋចូលរួមយ៉ាងដូច្នេះ ហើយក៏បានធ្វើការរៀបចំសាងសង់សំយ៉ាបផ្ទះថ្មី ដែលស្របតាមគោលការណ៍ប្លង់រួមមួយ ដែលរដ្ឋបាលខេត្តបានកំណត់ផងដែរ៕

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង