
ប៉ាគីស្ថាន៖ អង្គការសហប្រជាជាតិ (UN) កំពុងផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការ និង ការផ្តល់មូលនិធិ បន្ទាប់ពីមនុស្សចំនួន ៣៣ លាននាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) និង ដៃគូមនុស្សធម៌របស់ខ្លួនត្រូវបានកំណត់ថានឹងផ្តល់ជំនួយដល់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងទម្រង់នៃការផ្តល់ជំនួយស្បៀងអាហារ ការការពារកង្វះអាហារូបត្ថម្ភ និងការគាំទ្រផ្នែកចិញ្ចឹមជីវិត។
ថវិកាសរុបចំនួន ៣៤លានដុល្លារអាមេរិកបានផ្តល់ជូនប៉ាគីស្ថានដើម្បីបន្តប្រតិបត្តិការសង្រ្គោះមនុស្សដែលរងគ្រោះដោយទឹកជំនន់។
ប្រជាពលរដ្ឋប៉ាគីស្ថានសរុបប្រមាណ ២៦០០គ្រួសារ ត្រូវបានផ្តល់ជូនកន្ត្រកអាហារដែលមានម្សៅស្រូវសាលីមួយថង់ ទម្ងន់ ៤៤គីឡូក្រាម សណ្តែកសៀងពណ៌លឿង ៤.៥គីឡូក្រាម និងអំបិល ២០០ក្រាម។
យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថាកុមារជាង ៣ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ និងមានការកើនឡើងហានិភ័យនៃជំងឺដែលបណ្តាលមកពីទឹកកង្វក់ និងកង្វះអាហារូបត្ថម្ភ ដោយសារតែគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ប្រទេសប៉ាគីស្ថាន។

ដោយឡែកអង្គការយូនីសេហ្វ កំពុងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូមិនមែនរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់កុមារ និងគ្រួសារនៅក្នុងតំបន់រងផលប៉ះពាល់។
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏ផុយស្រួយរបស់ប្រជាជនប៉ាគីស្ថានដែលរស់នៅតំបន់ដែលរងផលប៉ះពាល់ប្រឈមមុខនឹងវិបត្តិផ្សេងៗកាន់តែអាក្រក់ទៅៗ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) បានឱ្យដឹងថា មនុស្សប្រហែល ៣៣ លាននាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ មនុស្សជាង ៤៧០,០០០ នាក់កំពុងរស់នៅក្នុងតំបន់សមូហភាព ខណៈដែលមនុស្សជាច្រើនត្រូវបានផ្លាស់ទីលំនៅ និងត្រូវបានទទួលដោយគ្រួសារផ្សេងទៀត។ខេត្តប៉ាគីស្ថាន Sindh និង ប៉ាឡូជីស្ថាន នៅតែជាខេត្តចំនួនពីរដែលបានទទួលទឹកភ្លៀងច្រើនបំផុតក្នុងរដូវមូសុងនេះ។
ផ្ទះជាង ១,១ លានត្រូវបានខូចខាត នឹងបំផ្លាញ ដោយចំនួនផ្ទះដែលត្រូវបានបំផ្លាញបានកើនឡើងទ្វេដងដល់ជាង ៤៣៦,០០០ខ្នង និងចំនួនផ្ទះដែលរងការខូចខាតកើនឡើង ៦៣ ភាគរយដល់ជាង ៧០ម៉ឺនខ្នង ។
ការប៉ាន់ប្រមាណដំបូងបានបង្ហាញថាយ៉ាងហោចណាស់ផ្ទៃដីប្រមាណ ៣.៦ លានហិចតា នៃដំណាំឬសួនដំណាំនៅទូទាំងប្រទេសបានរងផលប៉ះពាល់ជាខ្លាំង៕