Yearendyearend1140x150

ពន្ធដាររកឃើញសហគ្រាស០២ ផ្តល់ប្រាក់កម្ចីដោយមិនបានចុះបញ្ជីត្រឹមត្រូវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារនៃប្រទេសកម្ពុជា បានរកឃើញសហគ្រាសចំនួន០២ បាន និងកំពុងប្រកបអាជីវកម្ម ជាប្រតិបត្តិករឥណទាន និងបានផ្តល់ប្រាក់កម្ចី ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីការផ្តល់សេវារបស់ខ្លួនតាមរយៈបណ្តាញ សង្គមហ្វេសប៊ុក ដោយពុំបានបំពេញកាតព្វកិច្ចចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស។

សហគ្រាស ដែលពុំបានបំពេញកាតព្វកិច្ចចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស មានសហគ្រាស Happy Loan Cambodia Co., Ltd. ជាសហគ្រាសដែលបានចុះបញ្ជីពន្ធដារ ប៉ុន្តែ មិនបានមកធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងមិនបានប្រកាសបង់ពន្ធឡើយ និង សហគ្រាស Tiger Loan ជាសហគ្រាសដែលមិនទាន់បានមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ។

ដើម្បីពង្រឹងច្បាប់ស្តីពីសារពើពន្ធនិងច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ស្នើសុំធនាគារជាតិ ពិនិត្យលទ្ធភាពជំរុញឱ្យសហគ្រាសទាំង ០២ គោរពកាតព្វកិច្ចសារពើពន្ធជាធរមាន។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ មានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និង ផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើនដូចជា ប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និង ការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម។ធនាគារជាតិ និង អ្នកជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការខ្ចីលុយបានអនឡាញ ព្រោះវាប្រឈមហានិភ័យខ្ពស់។

ធនាគារជាតិនៃកម្ពុជា បានអះអាងថា គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជារួមមាន៖ ធនាគារពាណិជ្ជ ធនាគារឯកទេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់ និងផ្លូវការដែលអាចផ្តល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និង ឯកត្តជន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង