Yearendyearend1140x150

ក្រសួងវប្បធម៌នឹងរៀបចំសន្និសីទការពារវប្បធម៌ចាប់ពីថ្ងៃទី៥-៨ខែកញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

ភ្នំពេញ៖ ក្រសួងវប្បធម៌ សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំ សន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌“ការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ទស្សនៈ វិស័យអាស៊ាន”ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២នៅ ខេត្តសៀមរាប ដើម្បីផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នៅរសៀលថ្ងៃទី២ ខែកញ្ក្ញា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា សន្និសីទនេះផ្តោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ដែលកំពុងគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនានា រួមជាមួយអ្នកជំនាញជាន់ខ្ពស់មកពីជុំវិញពិភពលោក ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរនានា ទីផ្សារសិល្បៈ និងសង្គមស៊ីវិល។ ក្រុមអ្នកជំនាញចម្រុះនេះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងតំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ នឹងធ្វើជាប្រធាននៃកិច្ចប្រជុំពេញអង្គអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ វេទិកាជាប្រវត្តិសាស្ត្រនេះ ក៏នឹងពិនិត្យពិភាក្សាលើមធ្យោបាយនានាក្នុងក្របខណ្ឌអាស៊ាន សំដៅទប់ទល់នឹងបញ្ហាឆ្លងកាត់ព្រំដែននេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង