
ភ្នំពេញ៖ ទាក់ទងនឹងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីភាក្សា និងស្តាប់របាយការណ៍នានាដែលបានលើកឡើងដោយភាគីពាក់ព័ន្ធ ទាំងចំណុចវិជ្ជមានក្តី និង អវិជ្ជមានក្តី ក្នុងកម្មវិធីមួយចំនួនដែលកើតមានឡើងក្នុងដំណើរការរៀបចំកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) ដោយមានការណែនាំអ្នករៀបចំកម្មវិធីMiss Grand Cambodia 2022ឱ្យយល់ដឹងបន្ថែមពីគុណតម្លៃស្រ្តីខ្មែរ។
បើតាមសេចក្តីប្រកាស ស្ថាប័នពាក់ព័ន្ធ(ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន) បានធ្វើការណែនាំដល់លោក អ៊ិន សិភិន អគ្គនាយកផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) ឲ្យស្វែងយល់គ្រប់ជ្រុងជ្រោយបន្ថែមទៀតពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណបានធ្វើការណែនាំដល់អគ្គនាយកផលិតកម្មមហាហង្សតម្លៃនៃស្ត្រីខ្មែរ ហើយសហការឲ្យបានស៊ីជម្រៅជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចៀសវាងនូវកំហុសឆ្គងដោយចេតនា ឬអចេតនាណាមួយដែលនាំទៅដល់ការប៉ះពាល់ និងធ្វើឲ្យអាប់ឱននូវវប្បធម៌ជាតិ និងគុណតម្លៃរបស់ស្ត្រីខ្មែរ។
តាមរយៈកិច្ចប្រជុំនេះ ផលិតកម្មមហាហង្សក៏បានធ្វើការអភ័យទោសចំពោះសាធារណជនទាំងអស់នូវកំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនា ក្នុងដំណើរនៃកម្មវិធីប្រកួតកញ្ញាឯក Miss Grand Cambodia 2022 ហើយសន្យាថា នឹងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌នានា នាពេលអនាគត ចៀសវាងនូវរាល់កំហុសឆ្គងនានាជាយថាហេតុដែលបានកើតឡើងក្នុងឆ្នាំនេះ ក្នុងស្មារតីបន្តរួមចំណែកលើកតម្លៃនូវកិត្យានុភាពជាតិនិងគុណតម្លៃស្ត្រីខ្មែរឲ្យបានខ្ពង់ខ្ពស់៕