
ភ្នំពេញ៖ កុមារា ចាន់ថេត អាយុ ៨ឆ្នាំ មានជំងឺមហារីកកោសិកាអំប្រ៊ីយ៉ុង (ប្រភេទមហារីកពីកំណើត) បានធ្វើដំណើរទៅប្រទេសជប៉ុន នៅថ្ងៃទី ៣០ ខែសីហា ដើម្បីទទួលការព្យាបាលដោយវះកាត់ ហើយអង្គការបេះដូងជប៉ុនជាអ្នកទទួលបន្ទុកទៅលើការចំណាយទាំងអស់រួមទាំងថ្លៃធ្វើដំណើរ និង កន្លែងស្នាក់នៅសម្រាប់កុមារា ចាន់ថេត និង ឪពុករបស់គេផងដែរ។មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានធ្វើការអំពាវនាវដល់សប្បុរសជនឱ្យចូលរួមរិច្ចាគម្នាក់ ១០,០០០រៀល ពីសប្បុរសជនចំនួន ២,៦០០នាក់ ដើម្បីដំណើរការព្យាបាលវះកាត់។
ការធ្វើដំណើរទៅព្យាបាលនៅប្រទេសជប៉ុន គឺត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែដោយសារនៅប្រទេសកម្ពុជាមិនអាចព្យាបាលជំងឺប្រភេទនេះបាននៅឡើយទេ។ហេតុដូច្នេះ អង្គការមានតែសុំការសហការពីសប្បុរសជន ដើម្បីជួយសង្រ្គោះជីវិតកុមារា ចាន់ថេត។
ថវិកាដែលទទួលបានពីសប្បុរសជននឹងត្រូវបានប្រើប្រាស់យ៉ាងប្រុងប្រយ័ត្នក្នុងការជួយសង្គ្រោះជីវិតរបស់គេ រួមទាំងការចំណាយលើការធ្វើដំណើរ និង ការស្នាក់នៅសម្រាប់ឪពុករបស់គេ និង គិលានុបដ្ឋាយិកាខ្មែរដែលនៅជាមួយគេ ក៏ដូចជាសម្រាប់ការព្យាបាលបន្ទាប់ពីគេត្រលប់មកប្រទេសកម្ពុជាវិញ។
បើទោះបីជាមន្ទីរពេទ្យនៅប្រទេសជប៉ុនយល់ព្រមធ្វើការវះកាត់ ដោយឥតគិតថ្លៃក្តី តែការចំណាយសរុបនៃការវះកាត់ រួមទាំងការចំណាយលើការធ្វើដំណើរ និង ការស្នាក់នៅផងនោះ គឺមានចំនួនទឹកប្រាក់ប្រហែលជា ៩ពាន់ដុល្លារ។
បើតាមគម្រោងកុមារា ចាន់ថេត នឹងទទួលការវះកាត់ដ៏ធំក្នុងពេលឆាប់ៗនេះ ហើយក្រោយពេលវះកាត់រួចក្រុមវេជ្ជបណ្ឌិតជំនាញជនជាតិជប៉ុនបានប៉ាន់ប្រមាណថា នឹងត្រូវចំណាយពេលសម្រាកព្យាបាលនៅប្រទេសជប៉ុនប្រហែលមួយខែទៀត។
សប្បុរសជនដែលមានចង់បរិច្ចាគដែលទាក់ទងបានតាមរយៈ៖ ABA:001657390
ACLEDA BANK:00010375999517
Wing:03451997
Asia Wei Luy Name: Japan HEART 6068
FTB name: JAPAN HEART 300010703275
