681 ezgif.com resize
Swift cc time

លោក ប្រាជ្ញ វិជ័យ៖ យុវជននាពេលបច្ចុប្បន្នមានជម្រើសច្រើន ក្នុងការជ្រើសរើសសៀវភៅអាន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ គ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការកើនឡើងនូវគ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អ្នករៀបរាង និង អ្នកបកប្រែ ជាច្រើន ដែលធ្វើឱ្យមានសៀវភៅជាច្រើនប្រភេទបានបោះពុម្ពផ្សាយ។ ការកើនឡើងនូវសៀវភៅជាច្រើនប្រភេទនោះ បានធ្វើឱ្យយុវជននាពេលបច្ចុប្បន្ននេះ មានជម្រើសច្រើន ក្នុងការជ្រើសរើសសៀវភៅអាន ដែលត្រូវជាមួយខ្លួន រហូតដល់អាចបែងចែកជាប្រភេទអ្នកអានបាន។

លោក ប្រាជ្ញ វិជ័យ និពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត បានប្រាប់ស៊ីស៊ីថាមស៍ថា ប្រហែលជា ៧ឆ្នាំមុន យុវជនមិនសូវមានជម្រើសក្នុងការជ្រើសរើសសៀវភៅដើម្បីអានឡើយ ដូច្នេះជម្រើសរបស់អ្នកអាន គឺអានសៀវភៅចម្រុះ ដែលសៀវភៅភាគច្រើននៅពេលនោះ គឺទាក់ទងនឹងការអប់រំ ការអប់រំបែបសាសនា ទស្សនវិទ្យាបែបបុរាណ និង រឿងនិទាន ជាដើម។ នៅពេលនោះក៏មានបោះពុម្ពផ្សាយសៀវភៅបែប ទស្សនវិទ្យា និង ចិត្តវិទ្យាដែរ ប៉ុន្ដែមានតិចតួចប៉ុណ្ណោះ។

លោក ប្រាជ្ញ វិជ័យ បានបន្ដថា ចាប់តាំងពីឆ្នាំ២០១៥មក មានសៀវភៅជាច្រើនប្រភេទ បានបោះពុម្ពផ្សាយ រួមមានសៀវភៅ សុខភាព ទស្សនៈ ចិត្តសាស្ត្រ អនុវត្តន៍ វិធីសាស្រ្ដ-យុទ្ធសាស្ដ្រ សង្គ្រាម ភាពជាអ្នកដឹកនាំ ការធ្វើទីផ្សារ ហិរញ្ញវត្ថុ និងសៀវភៅជាច្រើនទៀត។ ការដែលអាចមានការបោះពុម្ពសៀវភៅជាច្រើនបាន នោះក៏ព្រោះតែការកើនឡើងនូវគ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អ្នករៀបរាង និង អ្នកបកប្រែ។

លោក ប្រាជ្ញ វិជ័យ បានបន្ដទៀតថា ភាគច្រើននៃអ្នកអានសៀវភៅមិនស្ថិតនៅក្នុងវ័យណាមួយឡើយ គឺមានភាពចម្រុះគ្នា សូម្បីព្រះសង្ឃ ក៏ចូលការចិត្តអានសៀវភៅដែរ។ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ កំណើននៃការអានសៀវភៅរបស់សិស្សនិស្សិតមានការកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការជាវ និងស្វែងរកសៀវភៅ ដែលសិស្សនិស្សិតចូលចិត្តអាន។ សៀវភៅដែលយុវជននាពេលបច្ចុប្បន្ន ចូលចិត្តអាន គឺសៀវភៅទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួន និង ជំនួញ។

លោក ប្រាជ្ញ វិជ័យ បានបន្ថែមថា បច្ចុប្បន្ននេះ យុវជនមានជម្រើសច្រើន ក្នុងការជ្រើសរើសសៀវភៅដើម្បីអាន ដែលធ្វើឱ្យយុវជន ស្គាល់ពីខ្លួនឯង ថាតើជ្រើសរើសសៀវភៅអ្វី ដែលជួយអភិវឌ្ឍន៍អាជីព មុខរបរ និងតួនាទីការងាររបស់ខ្លួន។ ដោយសារតែមានជម្រើសច្រើនបែបនេះហើយ ទើបបច្ចុប្បន្ននេះ គេអាចបែងចែកជាប្រភេទអ្នកអានបាន៕

រូបភាព៖ គ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត
រូបភាព៖ គ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត
រូបភាព៖ គ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត


Khcct banner

អត្ថបទទាក់ទង