ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩សីហានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ដោយអាជ្ញាធរផ្អាកចរាចរចំនួន ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១សីហា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំការងារ។
បើតាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា ពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់មហាវិថី សម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ឱ្យបានជ្រាបថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ប៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕


