
ហូជីមិញ៖ ប្រទេសវៀតណាមគ្រោងសិក្សាប្រព័ន្ធលូក្នុងប្រទេសរបស់ខ្លួនសារជាថ្មី ក្រោយមេឃភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាបណ្តាលឲ្យទឹកជន់លិចតំបន់មួយចំនួន ជាទូទីវៀតណាមមានបំពង់លូត្រឹមតែ ០.៥ម៉ែត្រប៉ុណ្ណោះសម្រាប់ពលរដ្ឋម្នាក់ៗក្នុងប្រទេសវៀតណាម ដែលមួយភាគបួននៃពិភពលោកជាមធ្យមមានពីរម៉ែត្រ។
លោក Luong Ngoc Khanh ប្រធានផ្នែកលូទឹក និងប្រព្រឹត្តកម្មទឹកសំណល់ បាននិយាយថា មូលហេតុមួយក្នុងចំណោមមូលហេតុដែលប្រព័ន្ធលូទឹកមិនដំណើរការប្រកបដោយប្រសិទ្ធភាពគឺដោយសារតែទាំងទឹកភ្លៀង និងទឹកសំណល់ត្រូវបានប្រមូលដោយប្រព័ន្ធតែមួយដូច្នេះបណ្តាលឲ្យវាកកស្ទះលូហូមិនទាន់។ លោក Khanh បានបន្ថែមថា ភាគរយនៃទឹកសំណល់ដែលប្រមូលបានមានត្រឹមតែ ១៥% ប៉ុណ្ណោះ ខណៈដែលការតភ្ជាប់ និងការគ្របដណ្តប់នៃប្រព័ន្ធលូទឹកមានត្រឹមតែ ៦៤% ដែលទាបជាងគោលដៅដែលបានកំណត់ក្នុងឆ្នាំ ២០២០ នៃ ៧០%។
បន្ថែមពីនេះនៅពេលដែលទីក្រុងបន្តត្រូវបានពង្រឹងដោយចាក់បេតុង បឹង និងស្រះនឹងរលាយបាត់ ធ្វើឱ្យសមត្ថភាពស្តុកទឹកក្នុងទីក្រុងថយចុះ និងទឹកជំនន់កាន់តែអាក្រក់ទៅៗ។ កង្វះភាពស៊ីសង្វាក់គ្នារវាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកចាស់ និងថ្មី គួបផ្សំនឹងការខ្វះខាតថវិកា មានន័យថា សមត្ថភាពនៃប្រព័ន្ធលូទឹកដែលបានរចនាឡើងមិនអាចត្រូវនឹងកម្រិតទឹកភ្លៀងជាក់ស្តែង នេះបើតាមការអះអាងរបស់មន្រ្តីជំនាញរបស់វៀតណាម។
ជាមួយគ្នានេះដែរលោក Khanh បាននិយាយថា ទាំងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ឥឡូវនេះមិនអាចដោះស្រាយការបង្ហូរទឹកក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ឬបាតុភូតអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀតបាននោះទេ។ លោកបានបន្ថែមថា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលមានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ភ្លៀងកំពុងធ្លាក់ច្រើនជាញឹកញាប់ និងមានអាំងតង់ស៊ីតេខ្ពស់ជាងពេលមុនៗកំពុងតែគំរាមគំហែងដល់ប្រទេសវៀតណាមជាខ្លាំង។
ក្នុងរយៈពេលវែងអន្លាយខាងមុខនេះ ទីក្រុងនានានឹងជួសជុលប្រព័ន្ធលូទឹករបស់ពួកគេ និងធ្វើបច្ចុប្បន្នភាពបញ្ជីបឹង និងស្រះដែលមិនត្រូវលុបចេញ ក្នុងចំណោមវិធានការផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពបង្ហូរទឹក។ លោក Khanh បាននិយាយថា មូលដ្ឋានក៏ត្រូវផ្តល់អាទិភាពដល់ការវិនិយោគរបស់ពួកគេទៅលើប្រព័ន្ធលូ ការសាងសង់អាងស្តុកទឹក និងស្ថានីយ៍បូមទឹកនៅតំបន់ដែលមានទឹកជំនន់ញឹកញាប់ផងដែរ៕