ភ្នំពេញ៖ សិស្ស ១៨រូប មកពីក្លឹបដេញដោលមតិ នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាប់ថ្មី (NGS Debate Club) នៅថ្ងៃទី០១ កញ្ញា ខាងមុខនេះ នឹងទៅចូលរួមកម្មវិធីប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ (The World Scholar's Cup 2022-WSC) វគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២នេះ នឹងមានការចូលរួមពីយុវជនមកពីជាង ៥០ប្រទេស។
យុវជននៃ NGS Debate Club នឹងទៅចូលរួមការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ នៅទីក្រុងបាងកក ក្រោយជាប់ការប្រកួតប្រជែងកម្មវិធីបញ្ញាវន្តពិភពលោក ២០២២ ប្រចាំតំបន់ ដែលបានរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៣ និង ១៤ ខែ សីហា កន្លងទៅនេះ។
យុវជន មាស សុបញ្ញា ជាសិស្សនៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រាប់ស៊ីស៊ីថាមស៍ថា យុវជនមកពី NGS Debate Club បានជាប់ និងទៅចូលរួមប្រកួតនៅលើឆាកអន្ដរជាតិ នៃកម្មវិធីប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ មានចំនួន ២១រូប។ ក្នុងនោះ យុវជន ១៨រូប បានសម្រេចចិត្តទៅក្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសថៃ ហើយក្នុងនោះមានស្រី ០៨រូប និង យុវជន ០៣រូប ផ្សេងទៀត នឹងទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសវៀតណាម នាថ្ងៃទី១៦ កញ្ញា វិញ។
យុវជន សុបញ្ញា បានបន្ដថា ការប្រកួតបញ្ញាវន្តអន្តរជាតិ ធ្វើជាភាសាអង់គ្លេស និងធ្វើទោះលើ ០៤វិញ្ញាសារ។ វិញ្ញាសារទាំងនោះរួមមាន Team Debate (ការដេញដោលមតិ) Collaborative Writing (សរសេរអត្ថបទលើ ៣ ប្រធានបទ) Scholar's Challenge (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ) និង Scholar's Bowl (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ)។ ក្នុងនោះដែរ មានវិញ្ញាសារបី ដែលធ្វើជាក្រុម ហើយមួយក្រុមមានសមាជិក ០៣នាក់ ចំណែកឯវិញ្ញាសារ Scholar's Challenge ធ្វើជាលក្ខណៈបុគ្គល។
គួរបញ្ជាក់ថា WSC គឺជាបណ្តុំវិញ្ញាសារ នៃការប្រកួតប្រជែងជំនាញនៃកម្មវិធីសិក្សា ដើម្បីបំផុសស្មារតី និងផ្តោតលើការសិក្សារបកគំហើញថ្មីៗ បង្កើតទំនុកចិត្តក្នុងការទំនាក់ទំនង ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ ការនិយាយជាសាធារណៈ និងការស្វែងរកបទពិសោធន៍ថ្មីលើការសិក្សា៕