Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កញ្ញា ពេជ្រ ជិន្នា៖ ការសរសេរប្រលោមលោកពុំមែនជាការងារទេ តែជាការកម្សាន្ដ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ កញ្ញា ណាត គង់ ជាអ្នកនិពន្ធប្រលោមលោកឯករាជ្យម្នាក់។ ប្រិយមិត្តអ្នកអានស្គាល់ កញ្ញា ពេជ្រ ជិន្នា និងមានអ្នកស្គាល់ កញ្ញា ណាត គង់ ច្រើនឡើយ។ បច្ចុប្បន្ន កញ្ញា ពេជ្រ ជិន្នា និពន្ធសៀវភៅប្រលោមលោកបាន ៦ចំណងជើង ហើយក៏ត្រៀមចេញផ្សាយសៀវភៅ ២ចំណងជើង នាពេលឆាប់ៗនេះ ផងដែរ។ ការតែងនិពន្ធ សម្រាប់កញ្ញាវាមិនមែនជាការងារឡើយ តែជាការកម្សាន្ដទៅវិញ។

កញ្ញា ពេជ្រ ជិន្នា បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាមានឈ្មោះពិតថា ណាត គង់។ កញ្ញា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ នៃវិទ្យាល័យហ៊ុនសែនពាមកោះស្នា ខេត្តកំពង់ចាម ហើយកញ្ញាក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ ពីវិទ្យាស្ថានវ៉ាន់ដា ក្នុងឆ្នាំ២០១៨ ផងដែរ។

កញ្ញា ពេជ្រ ជិន្នា បាននិយាយថា ថ្វីបើជំនាញដែលបានសិក្សានៅមហាវិទ្យាល័យ មិនមែនជាជំនាញដែលពាក់ព័ន្ធជាមួយការតែងនិពន្ធក្ដី ប៉ុន្ដែភាពតានតឹងនិងសម្ពាធក្នុងចិត្តជាច្រើន ដែលមិនអាចនិយាយប្រាប់នរណាបាន ជាកត្តាដែលលើកទឹកចិត្តកញ្ញាឱ្យចាប់ផ្ដើមការសរសេរប្រលោកលោក។

កញ្ញា ពេជ្រ ជិន្នា បានបន្ដថា កញ្ញាចាប់ផ្ដើមសរសេរប្រលោមលោកតាំងពីឆ្នាំ២០១៣មកម៉្លេះ តែការបោះពុម្ពផ្សាយជាសាធារណៈនៅ ០៨ ខែកញ្ញា ឆ្នាំ២០១៩។ សៀវភៅដែលកញ្ញា បាននិពន្ធ មានទាំងប្រលោមលោកបែបខ្មែរ និង បរទេស។

កញ្ញា ពេជ្រ ជិន្នា បានបន្ដទៀតថា រហូតមកដល់បច្ចុប្បន្ន ប្រលោមលោក ដែលបានបោះពុម្ពផ្សាយមាន ៦ចំណងជើង។ សៀវភៅទាំងនោះរួមមាន រឿងយុទ្ធសាស្រ្តស្នេហ៍ ព្រះអាទិត្យកណ្ដាលរាត្រី ទេវបុត្រសង្គ្រោះបេះដូង និស្ស័យស្នេហ៍កម្ម ពលីស្នេហ៍ (រឿងបែបខ្មែរបុរាណ) និង រឿងផ្ការីកក្នុងភ្លើង។ រឿងដែលបានចេញផ្សាយហើយ និងទទួលបានការគាំទ្រច្រើនជាងគេគឺរឿងយុទ្ធសាស្រ្តស្នេហ៍ និង រឿងព្រះអាទិត្យកណ្ដាលរាត្រី។

កញ្ញា ពេជ្រ ជិន្នា បានឱ្យដឹងថា ការសរសេរប្រលោមលោកពុំមែនជាការងារនោះទេ តែជាការកម្សាន្ដអារម្មណ៍ ដើម្បីបន្ធូរភាពតានតឹងក្នុងចិត្តប៉ុណ្ណោះ។ បន្ថែមពីនេះទៀត មនុស្សជាច្រើនរមែងមានចំណង់ចំណូលចិត្តខុសៗគ្នា អ្នកខ្លះចូលចិត្តមើលបាល់ អ្នកខ្លះចូលចិត្តធ្វើដំណើរកម្សាន្ដទៅកាន់ទីកន្លែងនានាដើម្បីសាកថ្មជីវិត ហើយកញ្ញាក៏ដូច្នោះដែរ ។

កញ្ញា ពេជ្រ ជិន្នា បានឱ្យដឹងថា កញ្ញាចាប់អារម្មណ៍ទៅលើការសរសេរសៀវភៅប្រលោមលោក ព្រោះតែការសរសេរប្រលោមលោកមនោសញ្ចេតនា អាចធ្វើឱ្យកញ្ញាបញ្ចេញអារម្មណ៍ពិតប្រាកដ និងអាចកំណត់វាសនាតួអង្គនីមួយៗនៅក្នុងកណ្ដាប់ដៃ ដោយគ្រាន់តែប្រើចុងម្រាមដៃប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ ការសរសេរប្រលោមលោកជាវិធីមួយដែលអាចឱ្យកញ្ញាពង្រឹងការចងចាំ ពង្រឹងសមត្ថភាពក្នុងការគិត និងវិភាគ បន្ធូរសម្ពាធផ្លូវចិត្ត ស្វែងយល់អំពីរឿងរ៉ាវផ្សេងៗក្នុងជីវិត បង្កើនស្មារតីរឹងមាំក្នុងការផ្តោតអារម្មណ៍ អភិវឌ្ឍជំនាញក្នុងការសរសេរ បង្កើនភាពច្នៃប្រឌិត និងជម្រុញការចាប់ផ្តើម ឬការផ្លាស់ប្តូរវិជ្ជមានជាដើម។

កញ្ញា ពេជ្រ ជិន្នា បានឱ្យដឹងទៀតថា ថ្វីបើការសរសេរប្រលោមលោកជាការសរសេរតាមចិត្តនឹកឃើញក្ដី ប៉ុន្ដែវាមិនងាយស្រួលនោះឡើយ។ ខណៈពេលកញ្ញា មានអាជីពផ្សេងទៀត ជាគណនេយ្យករ ធ្វើឱ្យគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការសរសេរ ដែលធ្វើឱ្យការសរសេរយឺតជាងផែនការដែលដាក់ចេញរាល់លើក។ នៅពេលសៀវភៅបានខេញផ្សាយ មានការបារម្ភខ្លាចសាច់រឿងធ្វើឱ្យអ្នកអានខកបំណង។

ជាមួយគ្នានេះ កញ្ញា ពេជ្រ ជិន្នា បានឱ្យដឹងថា នាពេលឆាប់ៗ ខាងមុខនេះ កញ្ញា នឹងចេញផ្សាយសៀវភៅប្រលោកបែបខ្មែរ ០១ចំណងជើង និងបែបបរទេស ០១ចំណងជើង។ រឿងទាំងនោះរួមមាន រឿងវិនាសកម្មស្នេហ៍ (រឿងបរទេស) និង រឿងសិលាមន្នី (រឿងខ្មែរ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង