
ភ្នំពេញ៖ ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការ និង ដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុងប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជា បានស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និង សូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជារួមមាន ធនាគារពាណិជ្ជ ធនាគារឯក់ទេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់និងផ្លូវការដែលអាចផ្តល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះក៏ត្រូវបានការពារដោយច្បាប់ផងដែរ។
កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើនដូចជា ប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។ ការផ្ដល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាននិងការផ្តល់ឥណទានក្តៅផ្លូវការខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់ជាធរមាន៕
