
កំពង់ឆ្នាំង៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ និងមានទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៥ សីហា ដោយចំណាយទឹកប្រាក់ចំនួន ១ ៥៥១ ០៦៣,២៨ ដុល្លារអាមេរិក។
ផ្លូវក្រាលកៅស៊ូពីរជាន់នេះ សាងសង់ឡើង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
បើតាមប្រសាសន៍ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្លូវនេះគ្រោងសាងសង់រយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD , Import Export Transportation and Construction ក្នុងទឹកប្រាក់ចំនួន ១ ៥៥១ ០៦៣,២៨ ដុល្លារអាមេរិក។
គួរបញ្ជាក់ថា នៅលើកំណាត់ផ្លូវនេះ ស្ថាបនាលូប្រអប់ ៣កន្លែង លូមូលកាត់ទទឹងផ្លូវ ២៧កន្លែង លូមូលកាត់ផ្លូវបំបែក ២៧កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ ៧៨កន្លែង មានគំនូសតាមអ័ក្សផ្លូវ គំនូសឆ្លងកាត់ ១កន្លែង៕