Yearendyearend1140x150
Img 0571

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលខេត្តយកចិត្តទុកលើកុមារក្រីក្រ និងកុមារតាមម្តាយក្នុងពន្ធនាគារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប​ (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

សៀមរាប៖ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី ២៤ សីហា បានជំរុញរដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ពិនិត្យ និងយកចិត្តទុកដាក់លើកុមារដើម្បីឱ្យកុមារទទួលបានការសិក្សា ជាពិសេសការទទួលបានការផ្តល់សេវានៅមន្ទីរពេទ្យកុមារអង្គរដល់កុមារ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកស្រី យូ សុភា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានការចូលរួមពីបណ្តាមន្ទីរ អង្គភាព អភិបាលក្រុង អធិការ ក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ ៦០នាក់ បានលើកពីបញ្ហាកុមារតាមម្តាយនៅក្នុងពន្ធនាគារ ដើម្បីឱ្យកុមារទទួលបានការសិក្សាក្នុងថ្នាក់មត្តេយ្យសិក្សាសហគមន៍។

ជាមួយគ្នានោះ ក៏មានការពិភាក្សាលើបញ្ហានៃការផ្តល់សេវានៅមន្ទីរពេទ្យកុមារអង្គរដល់កុមារ នីតិវិធីនៃការតាមដានដំណើរការរឿងក្តីនៅនីតិវិធីតុលាការ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន និងការបន្តសុពលភាពអត្តសញ្ញណប័ណ្ណ សម្រាប់យកទៅប្រើប្រាស់ការងារប្រចាំថ្ងៃ និងបានពិភាក្សាលើការរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ។

បន្ថែមពីនោះ លោកស្រីយូ សុភា បានជំរុញឱ្យសមាជិកអង្គប្រជុំ ពិសេសរដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ពិនិត្យ និងយកចិត្តទុកដាក់លើកុមារក្រីក្រ ពិសេសកុមារដែលទើបវិលត្រឡប់មកពីការធ្វើចំណាកស្រុកពីក្រៅប្រទេស និងជំរុញឱ្យគណៈកម្មការទ្រទ្រង់សាលាប្រជុំជាមួយអាណាព្យាបាល ដើម្បីពិនិត្យទៅលើការចូលរួមជាបដិភាគរបស់អាណាព្យាបាលសម្រាប់គាំទ្រលើអាហារពេលព្រឹកសម្រាប់កុមារ និងសម្ភារសិក្សាកុមារនៅតាមសាលារៀន៕

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង