ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី២៤ សីហានេះ បានជូនដំណឹងស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃ ទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ការពន្យារពេលនោះ ដោយសារកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំខាងលើ និងដើម្បីធានាថាដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដោយរលូន ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃ ទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។
ក្រសួងនឹងផ្សព្វផ្សាយកម្មវិធីការងារលម្អិតស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ៕
.jpg?1661330704)