ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតកម្ពុជា ខិតខំសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង” (SAMSUNG Innovation Campus) និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលបានប្រព្រឹត្តទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីបើកសម្ពោធ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់វិស័យសាធារណៈនិងឯកជន ព្រោះវិស័យនេះបានរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារថ្មី និងជំរុញការនាំចេញ។
ឯកឧត្តមបន្តថា ដោយទទួលស្គាល់ពីភាពចាំបាច់នេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលវិស័យឌីជីថល និងនវានុវត្តន៍ក្នុងរបៀបវារៈគោលនយោបាយមួយចំនួន ដូចជា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ច្បាប់ស្តីពីE-Commerce យុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកជាដើម ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យនេះ។
គួរបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងទាក់ទាញធុរជនជាតិ និងអន្តរជាតិយ៉ាងច្រើនគួរឱ្យកត់សម្គាល់ តាមរយៈការបង្កើតទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងថ្នាលអេឡិចត្រូនិកផ្សេងៗ សម្រាប់ធ្វើប្រតិបត្តិការទិញ-លក់ផលិតផលតាមប្រព័ន្ធអនឡាញ ព្រោះថាផ្សារលក់ផលិតផលតាមប្រព័ន្ធអនឡាញ នឹងរួមចំណែកសម្រួលចរន្តទីផ្សារ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់សហគ្រាសក្នុងស្រុក ជាពិសេសជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។
សូមបញ្ចាក់ថា “កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង” (SAMSUNG Innovation Campus) ជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ផ្តល់នូវការអប់រំ លើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិត និងយុវជន។ ក្រៅពីជំនាញចំបងៗដូចជា AI, IoT, Big Data, Coding និងprogramming, internet of things កម្មវិធីនេះក៏បានបណ្តុះបណ្តាលជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជំរុញយុវជនឱ្យកាន់តែមានទេពកោសល្យដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគត៕