ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន បានចេញសេចក្តីថ្លែងការណ៍ ដោយបានច្រានចោលនូវការចុះផ្សាយ ព័ត៌មានក្រៅប្រទេសមួយចំនួនបានបំផ្លើសហួសហេតុពាក់ព័ន្ធការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត នៅកម្ពុជា។ការចុះផ្សាយទាំងនោះរៀបចំឡើងដោយគ្មានការវិភាគច្បាស់លាស់ និង មានចេតនាបំភ័យអ្នកអានប្រៀបធៀបកម្ពុជាហាក់ដូចជា “ឋានសួគ៌នៃការប្រព្រឹត្តអំពើល្មើសច្បាប់”នាំឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមសម្ព័ន្ធខ្មែរចិន បានពន្យល់ថា កម្ពុជាជាង២០ឆ្នាំមកនេះមានសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមល្អ ពលរដ្ឋរស់នៅ និងប្រកបការងារដោយសុខសាន្ត និងសប្បាយរីករាយ។គ្រប់វិស័យទាំងអស់សុទ្ធតែរីកចំរើន និង ក្លាយជាទីកន្លែងដែលទាក់ទាញការវិនិយោគបរទេសដ៏មានសក្តានុពល។មុនពេលផ្ទុះជំងឺកូវីដ-១៩ សេដ្ឋកិច្ចជាតិកម្ពុជារក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ៧ភាគរយ ជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់។
បើតាមសេចក្តីថ្លែងការណ៍ ក្នុងបរិបទនៃកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេច ហ៊ុន សែន ចាត់វិធានការទប់ស្កាត់យ៉ាងរហ័ស និងមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ ហើយបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញមុនគេ។
កម្ពុជាបានក្លាយជាប្រទេសទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន។តែជាមួយគ្នានោះមានបាតុភាពអសកម្មខ្លះដែលជនឧក្រិដ្ឋឆ្លៀតឱកាសប្រព្រឹត្តិបទល្មើស ជាពិសេសថ្មីៗនេះ មេក្លោងប្រព្រឹត្តិបទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត គឺលោក Yu Zhi jiang ត្រូវបានចាប់ខ្លួននៅថៃ។តែការចាប់ខ្លួននោះមិនមែនតំណាងនៃសេដ្ឋកិច្ចកម្ពុជាទាំងមូលនោះឡើយ ហើយក៏មិនមែនជាការពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចរបស់ជនជាតិខ្មែរ ឬជនបរទេសដែលរស់នៅក្នុងកម្ពុជាដែរ។
សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអនុវត្តច្បាប់នៃប្រទេសនិងតំបន់ដែលពាក់ព័ន្ធ ក្នុងការបង្រ្កាបបទល្មើសឧក្រិដ្ឋឆ្លងដែនតាមទម្រង់ផ្សេងៗ និង ខិតខំលុបបំបាត់បាតុភាពអសកម្មផ្សេងៗដែលធ្វើឲ្យខូចមុខមាត់ដល់ប្រទេសយ៉ាងធ្ងន់ធ្ងរ។
សមាគមសម្ព័ន្ធខ្មែរចិនប្រចាំនៅកម្ពុជា បានសហការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរក្សាមុខមាត់ដ៏ល្អរបស់កម្ពុជាក្នុងឆាកអន្តរជាតិ និង កែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេសកម្ពុជា។
សមាគមក៏បានក្រើនរំលឹកដល់មិត្តភ័ក្តិក្នុងប្រទេស និងក្រៅប្រទេសថា “សូមប្រុងប្រយ័ត្នចំពោះការល្បួង និងអន្ទាក់នៃដំណឹងជ្រើសរើសបុគ្គលិកដែលមានប្រាក់ខែខ្ពស់ ហើយត្រូវស្វែងយល់អោយបានច្បាល់លាស់អំពីខ្លឹមសារ និងលក្ខណៈនៃព័ត៍មានស្វែងរកការងារ។”ក្នុងករណីមានអាសន្នត្រូវរាយការណ៍មកកាន់នគរបាលមូលដ្ឋានឱ្យបានទាន់ពេលវេលា ឬទាក់ទងទៅស្ថានទូតនិងស្ថានកុងស៊ុលប្រចាំប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្ម។
ក្រៅពីនេះ ត្រូវប្រយ័ត្នការប្រឌិត ឬផ្សាយព័ត៌មានមិនពិតនាំឱ្យខូចមុខមាត់កម្ពុជា ជាពិសេស ការផ្សាយមានចេតនាបង្ខូចកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវាត់មួយ”របស់ប្រទេសចិន។ជាគម្រោងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា និងប្រទេសនានាដែលនៅតាមបណ្តោយផ្លូវនៃគម្រោងនេះ៕