Cctimesw1140xh150cm copy

និស្សិតកម្ពុជាប្រភេទអាហារូបករណ៍រដ្ឋាភិបាលចិន នឹងត្រលប់ទៅសិក្សានៅចិនវិញឆាប់ៗនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ និស្សិតប្រភេទអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ដែលសិក្សាតាមរយៈអនឡាញ នៅកម្ពុជា នឹងត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ ក្នុងពេលឆាប់នេះៗ។ ទន្ទឹមនេះ សមាគមនិស្សិតកម្ពុជា ក៏បានរៀបចំនូវកិច្ចប្រជុំជាមួយនិស្សិត ប្រមាណ២០០នាក់ ដើម្បីដាក់ពាក្យស្នើសុំត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ។ នេះបើតាមការលើកឡើងរបស់លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន។

លោក អ៊ុំ វុទ្ធទី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ ចំនួននិស្សិតកម្ពុជាដែលអាចត្រលប់ទៅសិក្សានៅប្រទេសចិនវិញ មិនទាន់មានតួលេខជាក់លាក់នៅឡើយទេ ដោយសារតែជំហានដំបូង គឺផ្តល់អតិភាពឲ្យនិស្សិតប្រភេទអាហារូបករណ៍រដ្ឋាភិបាលចិន(CSC) ហើយពួកគាត់មួយចំនួនកំពុងមមាញឹកក្នុងការរៀបចំឯកសារដើម្បីធ្វើVisaនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ចំពោះពេលវេលាវិលត្រលប់អាចនៅខែកញ្ញា ស្ថិតលើការកំណត់ពេលហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍និងនិស្សិត។ ចំណែកឯ និស្សិតប្រភេទអាហារូបករណ៍ផ្សេងៗទៀត នឹងមានចំណាត់ការបន្តបន្ទាប់នៅពេលក្រោយ។

លោក អ៊ុំ វុទ្ធទី បានបន្តថា ទន្ទឹមនឹងការត្រៀមខ្លួនវិលត្រលប់ទៅវិញ តម្រូវឱ្យបងប្អូននិស្សិតចំណាយធ្វើចត្តាឡីស័កនៅភ្នំពេញ មុនឡើងឡើងយន្តហោះ និងចំណាយធ្វើចត្តាឡីស័កនៅប្រទេសចិនជាច្រើនថ្ងៃ ដែលការចំណាយទាំងពីនេះលើសពីតម្លៃសំបុត្រយន្តហោះទៅទៀត ជាហេតុធ្វើឱ្យនិស្សិតមួយចំនួនព៉ំមានលទ្ធភាពវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញបាន។

បើតាមលោក អ៊ុំ វុទ្ធទី បានឲ្យដឹងថា កាលពីថ្ងៃទី២១សីហា សមាគមនិស្សិតកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយនិស្សិតដែលស្នើសុំត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ នៅក្នុងឆ្នាំ២០២២។ កិច្ចប្រជុំនេះ ផ្តោតពិភាក្សាជាមួយនិស្សិតប្រភេទអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ដែលសិក្សាតាមរយៈអនឡាញ នៅកម្ពុជាទាំងអស់ដើម្បី៖ ចំណុចទី១ ស្វែងរកលទ្ធភាពដើម្បីដោះស្រាយលើការចំណាយសំបុត្រយន្តហោះ និងចំណាយចត្តាឡីស័ក ក្នុងនោះដែរ ខាងស្ថានទូនចិនបានជួយសម្រួលលើការចំណាយសំបុត្រយន្តហោះក្នុងតម្លៃសមរម្យ ដែលនិស្សិតអាចទទួល ដោយមានការសម្របសម្រួលពីសមាគមនិស្សិតកម្ពុជា។

លោក អ៊ុំ វុទ្ធទី បានបន្តថា ចំណុចទី២ របៀបរបប និងឯកសារដែលត្រូវត្រៀមសម្រាប់ការស្នើស៉ំធ្វើទិដ្ឋាការ Visa។ និងចំណុចទី៣ ការចែករំលែកបទពិសោធន៍ការសិក្សា និងការរស់នៅប្រទេសចិន សម្រាប់និស្សិតថ្មីដែលទើបទទួលបានអាហារូបករណ៍ក្នុងឆ្នាំ២០២២នេះ។

បន្ថែមនេះ លោក អ៊ុំ វុទ្ធទី បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានកំណើន និស្សិតកម្ពុជាយើងជាច្រើនចាប់អារម្មណ៍ទៅសិក្សានៅប្រទេសចិន ដោយសារតែប្រទេសចិនជាប្រទេសមហាអំណាច ទំនើបកម្ម ស៊ីវីល័យ និងជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ច ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិនកាន់តែរឹងមាំនិងជិតស្និទ្ធ លើគ្រប់វិស័យ ជាពិសេស ជាប្រទេសដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ដូច្នេះហើយ បានជារដ្ឋាភិបាលទាំងពីរ ជំរុញអោយមានកំណើននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនអោយកាន់តែច្រើន។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមនិស្សិតកម្ពុជា ក៏បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលទាំងពីរ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ជាពិសេសគឺស្ថានទូតចិនដែលបានជួយជ្រ៉ំជ្រែងលើការងារវិលត្រលប់ទៅសិក្សានៅប្រទេសចិនរបស់និស្សិតកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង