ព្រៃវែង៖ ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី២៣ សីហា បានដឹកនាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានលើកឡើងពីការបានបើកទូលាយដល់សាកលវិទ្យាល័យ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍នានាតាមរយៈស.ស.យ.ក. លើប្រធានបទបច្ចេកវិទ្យា និងបរិបទឌីជីថលបន្ថែមជូននិស្សិតនៅសាកលវិទ្យាល័យ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងពីការផ្តល់ឱកាសបន្ថែមរបស់ស.ស.យ.ក. ដែលជាតម្រូវការចាំបាច់នានា ក្នុងសកម្មភាពសង្គម មនុស្សធម៌ ឬការបណ្តុះបណ្តាលសមត្ថភាពយុវជន ក៏ដូចជាការផ្សារភ្ជាប់ជាមួយការបណ្តុះបណ្តាលសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពីសារៈសំខាន់នៃការវិវឌ្ឍនៃបរិបទបដិវត្តឧស្សាហកម្ម៤.០ និងបានបើកទូលាយដល់សាកលវិទ្យាល័យ ក្នុងលទ្ធភាពនៃការចែករំលែកចំណេះដឹង និងបទពិសោធន៍នានាតាមរយៈស.ស.យ.ក. លើប្រធានបទបច្ចេកវិទ្យា និងបរិបទឌីជីថលបន្ថែមដល់និស្សិតនៅសាកលវិទ្យាល័យ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យជាស៊ីមកំចាយមារ ត្រូវបានបង្កើតនៅឆ្នាំ១៩៩១ ដែលជាសាកលវិទ្យាល័យរដ្ឋដំបូងបំផុតនៅតាមបណ្តាខេត្ត ក្នុងឈ្មោះថា «សាកលវិទ្យាល័យវេទមហាឬស្សី»។ បច្ចុប្បន្ន សាកលវិទ្យាល័យមាននិស្សិតជាង៥០០០ នាក់ ដែលកំពុងសិក្សាក្នុងមហាវិទ្យាល័យចំនួន៥ និងមានវិទ្យាស្ថានចំនួន១ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត៕