
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យតំណាងអង្គការ NPO Kyousei Forum ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងពីរចំណុចសំខាន់ ដោយផ្តោតលើវិស័យអប់រំ។
កិច្ចពិភាក្សាពាក់ព័ន្ធនឹងពីរចំណុចសំខាន់គឺ ការបង្កើនវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជាជប៉ុន ខេត្តសៀមរាប ជំនាញភាសាជប៉ុន ជំនាញថែទាំមនុស្សចាស់ និងជំនាញកែច្នៃអាហារ ចាប់ពីវគ្គខ្លីៗដល់កម្រិតសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ និងការជ្រើសរើសសិស្សពូកែនៅកម្រិតអនុវិទ្យាល័យ បង្រៀនភាសាជប៉ុន ដើម្បីអាចបន្តការសិក្សានៅកម្រិតវិទ្យាល័យនៅប្រទេសជប៉ុន។
ក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានឯកភាព ព្រមទាំងគាំទ្រចំពោះសំណើលើកឡើងរបស់ភាគីជប៉ុន ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការអប់រំយុវជនកម្ពុជា ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រទេស កម្ពុជា និងជប៉ុន៕
