
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២២ សីហា បានរៀបចំសិក្ខាសាលា អំពី «ល្ខោនខោលកម្ពុជា» នៅរោងសម្តែងនាយកដ្ឋានសិល្បទស្សនីយភាព រាជធានីភ្នំពេញ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ស្វែងយល់ពីស្ថានភាពទូទៅនៃក្រុមល្ខោនខោលនានានៅកម្ពុជា និងរិះរកយន្ដការអភិរក្សនិងលើកតម្លៃល្ខោនខោលនិងមត៌កវប្បធម៌អរូបីដទៃទៀតឱ្យមាននិរន្ដរភាពទៅអនាគត។
សិក្ខាសាលា អំពី «ល្ខោនខោលកម្ពុជា៖ ការរៀបចំរបាយការណ៍វឌ្ឍនភាព៤ឆ្នាំ» រៀបចំឡើងក្នុងគោលបំណង ប្រមូលទិន្នន័យដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាព៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់ដាក់ជូនអង្គការយូណេស្កូ និង ស្វែងយល់ពីស្ថានភាពទូទៅនៃក្រុមល្ខោនខោលនានានៅកម្ពុជា។
ជាមួយគ្នានេះ សិក្ខាសាលានេះ ជាវេទិកាសម្រាប់សហគមន៍និងសិល្បករល្ខោនខោលជជែកពិភាក្សាដើម្បីរិះរកយន្ដការអភិរក្សនិងលើកតម្លៃល្ខោនខោលនិងមត៌កវប្បធម៌អរូបីដទៃទៀតឱ្យមាននិរន្ដរភាពទៅអនាគត និង បង្ហាញអំពីអ្វីទៅជាមត៌កវប្បធម៌អរូបី អ្វីទៅជាអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងដំណើការនៃការចុះមត៌កក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ។
គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពី លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រះគ្រូមង្គលវង្សាចារ្យ ជា ប៊ុនធឿន ព្រះចៅអធិការវត្តស្វាយអណ្តែត និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ព្រមទាំងព្រឹទ្ធាចារ្យ និងសិល្បករនៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត (ខេត្តកណ្តាល) ក្រុមល្ខោនខោល លោកតា ជា ហ៊ា (ខេត្តបាត់ដំបង) ក្រុមយុវជនល្ខោនខោលកម្ពុជា (រាជធានីភ្នំពេញ), ក្រុមល្ខោនខោលនាយកដ្ឋានសិល្បទស្សនីយភាព, គ្រូនិងសិស្សល្ខោនខោលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ, អ្នកស្រាវជ្រាវជាតិ អន្តរជាតិ ប្រមាណ១២០អង្គ/នាក់៕


