Yearendyearend1140x150

រដ្ឋមន្រ្ដីអប់រំ៖ ការសិក្សាភាសាវៀតណាម មិនមែនសម្រាប់តែសិស្ស-និស្សិតទូទៅទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអប់រំ នារសៀលថ្ងៃទី១៩ សីហា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ បានឱ្យដឹងថាការសិក្សាភាសាវៀតណាមមិនមែនសម្រាប់តែសិស្ស-និស្សិតទូទៅនោះឡើយ ហើយការដាក់ការសិក្សាភាសាវៀតណាម នោះ មិនមែនជាការដាក់នៅក្នុងកម្មវិធីសិក្សារបស់កម្ពុជាឡើយ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការសិក្សាភាសាវៀតណាមនេះ គឺផ្ដោតសំខាន់ទៅលើសិស្ស-និស្សិត ដែលនឹងបន្ដការសិក្សានៅប្រទេសវៀតណាម ក្នុងមួយឆ្នាំមាន ១២០នាក់ ឬអាចលើសពីនោះក្នុងករណីមាន កីឡាករ និងបុគ្គលិកការពារជាតិ ដែលត្រូវទៅប្រទេសវៀតណាម។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្ដថា ការសិក្សាភាសាវៀតណាម ក៏សម្រាប់អ្នកការទូត និងអ្នកធុរកិច្ចផងដែរ។ ជាពិសេសសម្រាប់អ្នកដែលនឹងធ្វើការនៅក្រុមហ៊ុនវៀតណាម នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ព្រោះក្រុមហ៊ុនវៀតណាមត្រូវការបុគ្គលិកដែលចេះភាសាវៀតណាម ប្រសិនបើមិនចេះភាសាវៀតណាម និងធ្វើឱ្យប្រជាជនកម្ពុជាបាត់បង់ឱកាសការងារ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្ថែមថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម មិនមែនជាការបង្កើតដេប៉ាតឺងម៉ង់ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញឡើយ ហើយក៏មិនមែនជាការដាក់ភាសាវៀតណាមនៅក្នុងកម្មវិធីសិក្សារបស់កម្ពុជាឡើយ។ ភាសាបរទេស ដែលប្រើប្រាស់នៅក្នុងកម្មវិធីសិក្សារបស់កម្ពុជាមានតែភាសាអង់គ្លេស និងភាសាបារាំងប៉ុណ្ណោះ។

ឯកឧត្តម ហង់ជួន ណារ៉ុន ថែមទាំងមានប្រសាសន៍ទៀតថា កម្ពុជា ជាប្រទេសធិបតេយ្យដូច្នេះ មិនមានប្រទេសណាដែលអាចបង្ខំឱ្យកម្ពុជាដាក់ភាសារបស់គេនៅក្នុងកម្មវិធីសិក្សារបស់កម្ពុជាឡើយ។ ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម គឺជាការមើលឃើញពីសារប្រយោជន៍នៃភាសាវៀតណាមនៅកម្ពុជាប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង