681 ezgif.com resize
Swift cc time

សិល្បៈ ខ្មុក-ម្រ័ក្សណ៍ខ្មែរ ឈានដល់ការបាត់បង់ ដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
កញ្ជើ ដែលលាបម្រ័ក្សណ៍ការពារ (រូបភាព៖ យសោធរ)

ភ្នំពេញ៖ ខ្មុក-ម្រ័ក្សណ៍ ជាសិល្បៈបុរាណខ្មែរ ដែលកំពុងតែឈានទៅរកការបាត់បង់។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សចាប់ផ្ដើមឈប់ប្រើប្រាស់ម្រ័ក្សណ៍ តទៅទៀត។ អ្នកប្រើប្រាស់ម្រ័ក្សណ៍ នៅមានខ្លះៗ តែប៉ុណ្ណោះ មិនមានច្រើនដូចនៅប្រទេសជប៉ុន ចិន និងប្រទេសភូមា ឡើយ។

ម្រ័ក្សណ៍ ជាជ័រដែលយកចេញពីដើមឈើ ពីរប្រភេទ គឺដើមគ្រើល និងដើមស្វាយអង្គិត។ ខ្មុក ជាការលាយជ័រម្រ័ក្សណ៍ ជាមួយវត្ថុធាតុដើមផ្សេងទៀត ដើម្បីលាបលើវត្ថុអ្វីមួយ។ សព្វថ្ងៃ គេពុំសូវនិយម ចាក់យកជ័រម្រ័ក្សណ៍ ពីដើមស្វាយអង្គិត នោះទេ គេនិយមចាក់យកជ័រម្រ័ក្សណ៍ ពីដើមគ្រើលវិញ។

បើទោះបីជាដើមគ្រើល មានជ័រច្រើនក្ដី មានមនុស្សខ្លះទ្រាំទ្រនឹងការចាក់ម្រ័ក្សណ៍ ឬការលាបម្រ័ក្សណ៍លើវត្ថុនានាពុំបានឡើយ ដោយសារម្រ័ក្សណ៍នោះរោលក្រហល់ក្រហាយសែ្បក ពុំតែប៉ុណ្ណោះអាចធ្វើឱ្យហើមមុខមាត់ទៀតផង។

ជាទូទៅ ការប្រើប្រាស់ ឬលាប ខ្មុក-ម្រ័ក្សណ៍ ទៅលើវត្ថុដែលធ្វើអំពីឈើ (ទូក ទ្វារ បង្អួច កញ្ជើ ល្អី ត្រក តៀប...) និងថ្ម (បដិមា បល្ល័ង្ក...)ដើម្បីវត្ថុនោះអាចរក្សាទុកបានយូរ មិនពុកផុយ ឬសត្វល្អិតស៊ី ជាដើម។

សព្វថ្ងៃប្រពៃណីចាក់គ្រើល និងការប្រើប្រាស់ខ្មុក-ម្រ័ក្សណ៍ នៅតែឃើញមានដដែល ប៉ុន្ដែមិនមានច្រើនដូចពីមុនទេ ដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ នៅតំបន់ជនជាតិភាគតិចគួយ នៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ស្ទលតែលែងមានទៅហើយ តែនៅការចេះចាំជំនាញនេះនៅមាននៅឡើយ។ ចំណែកឯនៅឃុំទ្រា ស្រុកស្ទោង អ្នកចាក់គ្រើល មានតែមួយគ្រួសារប៉ុណ្ណោះ សូម្បីតែកូនៗរបស់គាត់ក៏មិនមានអ្នកបន្ដវេនដែរ។

គួរបញ្ជាក់ថា នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សិល្បៈ ខ្មុក-ម្រ័ក្សណ៍ ខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៥ សីហា នៅសាល អង្គរវត្ត នៃទីស្តីការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់៕

ដើមគ្រើល (រូបភាព៖ AMS Khmer Civilization)
ឧបករណ៍ចាកគ្រើល ដើម្បីយកជ័រម្រ័ក្សណ៍ (រូបភាព៖ AMS Khmer Civilization)
សកម្មភាពចាក់គ្រើល (រូបភាព៖ AMS Khmer Civilization)
(រូបភាព៖ AMS Khmer Civilization)
សកម្មភាពកំពុងលាបម្រ័ក្សណ៍ (រូបភាព៖ AMS Khmer Civilization)
សកម្មភាពកំពុងលាបម្រ័ក្សណ៍ (រូបភាព៖ AMS Khmer Civilization)


Khcct banner

អត្ថបទទាក់ទង