Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវតី ជា សឺហ្វុង ចែករំលែកបទពិសោធន៍ការសិក្សាមុខវិជ្ជា«គណិតវិទ្យា»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី ជា សឺហ្វុង កាលពីថ្ងៃទី១៨ កក្កដា បានចូលរួមប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad វគ្គផ្តាច់ព្រាត់ ដែលរៀបចំឡើងនៅសកលវិទ្យាល័យ កូឡុំបៀ (Columbia University) នាទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ការប្រឡងវគ្គផ្ដាច់ព្រ័ត្រនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២១ កក្កដា។ ជាលទ្ធផល យុវតី ជា សឺហ្វុង បានឈ្នះមេដាយមាស នៅក្នុងការប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad។

សឺហ្វុង បានប្រាប់ស៊ីស៊ីថាមស៍ថា មុននឹងឈានទៅដល់ការប្រឡងគណិតវិទ្យា Copernicus Olympiad ខ្លួនបានចំណាយពេល អនុវត្តលំហាត់ មួយទៅពីរម៉ោងជារៀងរាល់ថ្ងៃ ដើម្បីត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រឡងមួយនេះ។

សឺហ្វុង បានបន្ថែមថា ការប្រឡង Copernicus Olympiad នេះ គិតថានឹងបានមេដាយប្រាក់ ឬសំរិទ្ធប៉ុណ្ណោះ ដោយសារសមត្ថភាពនៅមានកម្រិត ក៏មិនគិតថានឹងឈ្នះមេដាយមាសដែរ។ ប៉ុន្ដែជាលទ្ធផល គឺខ្លួនបានឈ្នះមេដាយមាស នៅក្នុងការប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad 2022 នេះ។

សឺហ្វុង បានបន្ដថា ដើម្បីរៀនពូកែទៅលើមុខវិជ្ជានេះ គឺមានការបែងចែកពេលវេលារៀន ទាំងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត ប៉ុន្ដែការចំណាយពេលទៅលើការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រពិតច្រើនជាងវិទ្យាសាស្ត្រសង្គម។ នោះដោយសារតែមុខវិជ្ជាវិទ្យាសាស្រ្តពិត ត្រូវការចំណាយពេលច្រើនក្នុងការអនុវត្តលំហាត់។ ការចំណាយពេលទៅលើការសិក្សានោះ ទោះច្រើនយ៉ាងណា ក៏ត្រូវតែមានពេលសម្រាកខ្លះដែរ។

សឺហ្វុង បានឱ្យដឹងថា ខ្លួនចង់ក្លាយជាអ្នកជំនួញម្នាក់នាថ្ងៃអនាគត ហើយវិទ្យាសាស្ដ្រពិតនេះដែរ មានការពាក់ព័ន្ធទៅលើអាជីពជាច្រើន។ ក្រៅពីនេះទៀត សង្គមយើងមានភាពជឿនលឿន និងអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ដូច្នេះវិទ្យាសាស្ត្រពិត ក៏ដូចជាមុខវិជ្ជាគណិតវិទ្យា ដើរតួនាទីដ៏សំខាន់នៅក្នុងការអភិវឌ្ឍនេះ។

សឺហ្វុង បានឱ្យដឹងទៀតថា មុខវិទ្យាសាស្ដ្រពិត ក៏មានមុខវិជ្ជារូបវិទ្យា គីមីវិទ្យា ដែរ។ មុខវិជ្ជាគណិតវិទ្យា មិនត្រឹមតែជួយទៅលើការអភិវឌ្ឍ នោះទេ ប៉ុន្ដែវាថែមទាំងជាមូលដ្ឋានគ្រឹះមួយ ដែលអាចសិក្សាមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យា បានងាយស្រួល ប្រសិនបើខ្យោយគណិត ក៏ការសិក្សាមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យា មានការពិបាកដែរ។

គួរបញ្ជាក់ថា យុវតី ជា សឺហ្វុង មានអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ ជាសិស្សនៃសាលា អន្ដរទ្វីប អាមេរិកាំង។ សឺហ្វុង ធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធី SASMO របស់ប្រទេសសឹង្ហបុរី ចំនួនបីដង លើកទី១ បានមេដាយសំរិទ្ធ លើកទី២មិនទទួលបានជ័យលាភី និងលើកទី៣ ឈ្នះមេដាយប្រាក់។ ក្រៅពីនេះ សឺហ្វុង ក៏ធ្លាប់បានចូលរួមប្រកួតកម្មវិធី SOCAN ដែលជាកម្មវិធីវាស់ស្ទង់សមត្ថភាពស្ដង់ដាជប៉ុន កម្មវិធី AMC និងកម្មវិធី MOSC ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: ជា សឺហ្វុង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង