
ភ្នំពេញ៖ លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជំរុញ និងលើកទឹកចិត្តឲ្យយុវជនបក្សត្រូវបង្កើនសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលជាពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង។
លោកជំទាវ ម៉ែន សំអន បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងចែកចាយបន្តនូវព័ត៌មានសង្គមបានងាយស្រួល និងរហ័ស ដើម្បីឈានទៅពង្រីកវិសាលភាពនៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្រ្ជាបឱ្យប្រជាជនយល់ច្បាស់អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោកជំទាវបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានខិតខំ លះបង់ ទាំងកម្លាំងកាយចិត្ត ស្មារតី ក្នុងការអនុវត្តការងារកន្លងមកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ដែលការខិតខំប្រឹងប្រែងទាំងអស់នេះ គឺពិតជាការចូលរួមដ៏មានសារៈសំខាន់ ក្នុងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីខែមិថុនា កន្លងទៅនេះ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤.៣២% នៃសន្លឹកឆ្នោតបានការសរុប។
លោកជំទាវ បានបញ្ជក់ថា ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅនេះ ក៏បានបង្ហាញថាប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា៕

