
ភ្នំពេញ៖ មេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២២ បានឱ្យដឹងថា កំពុងទន្ទឹងរង់ចាំការអនុម័តក្របខណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ ២០២០ នៅក្នុងសន្និសីទលើកទី ១៥ នៃភាគីនៃអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្រ្តនៅខែធ្នូ ឆ្នាំ២០២២ និង បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតអាស៊ាន បានទទួលស្គាល់ពីសារៈសំខាន់ នៃការលើកកម្ពស់ដំណោះស្រាយ ផ្អែកលើធម្មជាតិ ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់លើជីវៈចម្រុះ។ ជាមួយគ្នានេះ អាស៊ាន បានសន្យាខិតខំប្រឹងប្រែងស្តារឡើងវិញ ការបាត់បង់ និងការរិចរិលប្រព័ន្ធអេកូឡូស៊ី ក្រោយជំងឺរាតត្បាត ជាពិសេស ការបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ជីវៈចម្រុះ (ACB) ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ក្នុងការបញ្ជ្រាបការអភិរក្សជីវៈចម្រុះទៅក្នុងវិស័យអភិវឌ្ឍន៍ផ្សេងៗ ការលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីបង្កើនភាពធន់របស់តំបន់ប្រឆាំងនឹងជំងឺសត្វ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការសម្របសម្រួលរបស់អាស៊ាន ក្នុងរួមចំណែកដល់ក្របខ័ណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ ២០២០។
ក្នុងនាមប្រទេសកម្ពុជា ជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ៕



