Yearendyearend1140x150

សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ដែលជាប់ពន្ធតូចនិងមធ្យមលែងមានកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) ជាសេនាធិការ បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម)។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្ដីពីការកែសម្រួលលក្ខខណ្ឌកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ គណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។

អនុវត្តតាមសេចក្តីជូនដំណឹងខាងលើ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងត្រូវរួសរាន់ដាក់ពាក្យស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍នៅលេខាធិការដ្ឋានគណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលមានទីតាំងនៅទីស្តីការក្រសួងទេសចរណ៍ ឬនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជៀសវាងរងការពិន័យអន្តរការណ៍ជាប្រាក់ស្របតាមស្មារតីប្រកាសអន្តរក្រសួងលេខ ១៦០ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង