Cctimesw1140xh150cm copy

ជប៉ុនក្លាយជាដៃគូវ័យចំណាស់ជាងគេមួយរបស់អាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ទំនាក់ទំនងអាស៊ាន-ជប៉ុនត្រូវបានបង្កើតឡើង ៤៩ ឆ្នាំមុន ដែលនេះធ្វើឱ្យប្រទេសជប៉ុនក្លាយជាដៃគូវ័យចំណាស់ជាងគេមួយរបស់អាស៊ាន។ កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនគ្របដណ្តប់លើផ្នែកសេដ្ឋកិច្ច សង្គម-វប្បធម៌ និងវិស័យជាច្រើនទៀត។ អាស៊ានចាត់ទុកជប៉ុនជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបានបំផុតរបស់អាស៊ាន។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាសាធារណៈថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ត្រូវបានបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើភាពគ្នា ចាប់តាំងពីទំនាក់ទំនងអាស៊ាន-ជប៉ុនត្រូវបានបង្កើតឡើងជិត ៥០ ឆ្នាំមុន។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនគ្របដណ្តប់លើវិស័យជាច្រើន រាប់ចាប់ពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខលំហសមុទ្រ និងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត រហូតដល់ វិធានការដើម្បីកសាងការជឿទុកចិត្ត និងទំនុកចិត្តបែបជាក់ស្តែងនៅក្នុងតំបន់។

ឯកឧត្តម ប្រាក់ សុខុន បានបន្ដថា កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បានលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ កីឡាក៏ដូចជា ប្រជាជននិងប្រជាជនផងដែរ។ ការពង្រឹងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងចំណោមយុវជន គឺជាវិធីសាស្រ្តមួយទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអប់រំផងដែរ៕

រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង