កំពង់ចាម៖រដ្ឋាភិបាលកំពុងសិក្សាពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមជាផ្លូវមាន៤គន្លង។ជាប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីជួបសំណេះសំណាល មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលមិញ។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី៖« ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីរគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល»។
ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមកដូចជា គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្តមបានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរនិងពន្យារបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ៕