Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេច ហ៊ុន សែន បង្ហាញការមិនគាំទ្រ ចំពោះការបង្កហេតុនៅតៃវ៉ាន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សម្ដេច ហ៊ុន សែន និង លោក Wang Yi ជួបពិភាក្សាការងារនៅទីក្រុងភ្នំពេញ (រូបភាព៖ ហ្វេសប៊ុកផេកផ្លូវការ របស់សម្ដេច ហ៊ុន សែន)

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី០៣ សីហានេះ បានជួបពិភាក្សាការងារជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅទីក្រុងភ្នំពេញ ដោយបានរំលឹកឡើងវិញនូវការគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាផលប្រយោជន៍ស្នូលរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយដោយចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្ដាច់បាននៃទឹកដីចិន។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាប្រឆាំងដាច់ខាតរាល់ពាក្យសម្តី ឬទង្វើណាមួយដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយនឹងបន្តគាំទ្រចិនយ៉ាងមុតមាំក្នុងការការពារផលប្រយោជន៍ស្នូល និងឈររួមគ្នាជាមួយប្រជាជនចិនចំនួន ១.៤ពាន់លាននាក់។

បើតាមសម្ដេច ហ៊ុន សែន កម្ពុជាទន្ទឹងរង់ចាំការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍កម្ពុជា-ចិនជាមួយនឹងអនាគតរួមគ្នា ធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលគ្នារវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមានសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ រ៉ែ ថាមពល កសិកម្ម និងការពារជាតិ។

ជាការឆ្លើយតប លោក Wang Yi បាននិយាយថា ចិនពេញចិត្តការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍ចិនតែមួយ និង គាំទ្រប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន។ លោក Wang Yi បានបន្ថែមថា ចិនក៏ជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជា និង ឈរយ៉ាងរឹងមាំនៅក្នុងដំណើរការនៃការអភិវឌ្ឍន៍ និង ការរស់ឡើងវិញរបស់កម្ពុជា។

សម្រាប់លោក Wang Yi ចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា និង ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយកម្ពុជា និងបន្តទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីឲ្យប្រទេសនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់។

ឆ្លៀតក្នុងជំនួបនោះ លោក Wang Yi បានសង្កត់ធ្ងន់ថា ទង្វើបង្កហេតុរបស់ភាគីអាម៉េរិក ចំពោះតៃវ៉ាន់មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន ដែលបង្ហាញពីមុខមាត់អាក្រក់នៃការក្បត់ជាតិ។ ការប៉ុនប៉ងរបស់អាម៉េរិកក្នុងការ "ទប់ចិនជាមួយតៃវ៉ាន់" មិនអាចជោគជ័យទាល់តែសោះ តែបែរជាជំរុញឱ្យប្រជាជនចិនចំនួន ១.៤ ពាន់លាននាក់រួបរួមគ្នាកាន់តែខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង