ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅថ្ងៃទី០២ សីហានេះថា ដំណើរទស្សនកិច្ចរបស់ លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកកាន់កម្ពុជានឹងមិនត្រឹមតែពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ផងដែរ។
បើតាមអ្នកនាំពាក្យលោកស្រី Hua Chunying បានឱ្យដឹងថា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាបន្តបន្ទាប់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ នៅថ្ងៃពុធដល់ថ្ងៃសុក្រ។
លោក Wang Yi នឹងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ស្តីពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការព្រួយបារម្ភរួម។
ដំណើរទស្សនកិច្ចរបស់លោក Wang Yi មកកាន់ប្រទេសកម្ពុជា នឹងរឹតចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរបន្ថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕