
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំជាផ្លូវការនៅថ្ងៃទី០៣ សីហានេះ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសតាមបណ្តាប្រទេសអាស៊ានទាំងអស់បានចូលរួម និងមន្ត្រីការទូតមួយចំនួនទៀត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានសង្ឃឹមថា ការចរចានឹងប្រព្រឹត្តទៅយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន (55th AMM and Related Meetings) ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៕

