ភ្នំពេញ៖ ក្រុមការងារជំនាញផ្នែកច្បាប់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ នឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចូលរួមគាំទ្រដល់ក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការពិគ្រោះយោបល់ និងចូលរួមសិក្ខាសាលាជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារឲ្យសម្រេចបានមួយជំហានបន្ទាប់ទៀត។
ដំណឹងនៃការមកបំពេញទស្សនៈកិច្ចរបស់ភាគីកូរ៉េ ត្រូវបានផ្សព្វផ្សាយក្រោយប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចូលរួមទស្សនៈកិច្ចសិក្សា និងកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកគោលនយោបាយ ដើម្បីគាំទ្រក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ជាមួយក្រុមការងារជំនាញផ្នែកច្បាប់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១-២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាធារណៈរដ្ឋកូរ៉េ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ក្រុមការងារទាំង២ ដែលជាក្រុមការងារជំនាញផ្នែកច្បាប់នៃសាធារណ:រដ្ឋកូរ៉េ ដឹកនាំដោយលោក Noh Min Ki ប្រធានគ្រប់គ្រងគម្រោង និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ បានពិភាក្សា និងផ្តល់យោបល់ ក្នុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងសម្រេចបាននូវសេចក្តីព្រាង សម្រាប់ពិភាក្សាបន្តទៀត ធ្វើយ៉ាងណា ដើម្បីឱ្យងាយស្រួលក្នុងការអនុវត្ត និងសមស្របទៅនឹងបរិបទក្នុងប្រទេសកម្ពុជា៕