Yearendyearend1140x150

អាជ្ញាធរ៖ ពលរដ្ឋរស់នៅតំបន់អង្គរ អាចជួសជុលផ្ទះចាស់បាន តែហាមដាច់ខាតសាងសង់ផ្ទះថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក យី សុថា

សៀមរាប៖ ប្រជាពលរដ្ឋដែលមានលំនៅឋាន និងរស់នៅយូរលង់ណាស់មកហើយ អាចបន្តរស់នៅតទៅទៀត ដោយមិនតម្រូវឱ្យចាកចេញពីភូមិដ្ឋានឡើយ។ អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា។ ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត។ នេះបើតាមសេចក្តីសម្រេចលេខ៧០ សសរ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។

លោកតា ឡូយ អ៊ាត អាយុ៦២ឆ្នាំ រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបបានឱ្យដឹងថា លោកតារស់នៅក្នុងមូលដ្ឋាននេះនៅមុនឆ្នាំ១៩៩៣ ដោយទទួលបានកេរ្តិ៍មរតកជាដីធ្លីទាំងនេះពីដូនតាមក។ លោកតាបន្តថា លំនៅឋានរបស់លោក មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង តែលោកមិនហានដាក់ពាក្យស្នើសុំជួសជុលឡើយ ព្រោះយល់ថាអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាត។ តែក្រោយមកលោកក៏ទទួលបានព័ត៌មានតាមការផ្សព្វផ្សាយពីក្រុមការងារសហគមន៍ថា ប្រជាពលរដ្ឋដែលរស់នៅយូរលង់ណាស់មកហើយ អាចស្នើសុំជួសជួលផ្ទះចាស់ទ្រុឌទ្រោមបាន ទើបលោកសម្រេចចិត្តដាក់ពាក្យស្នើសុំជាបន្តបន្ទាប់រហូតអាចជួសជុលលំនៅឋានរបស់លោក បានល្អប្រសើដូចសព្វថ្ងៃ។

ចំណែកលោកយាយ ឈិន បូលីន អាយុ ៧១ឆ្នាំ រស់នៅ ភូមិគោកតាចាន់ សង្កាត់គោកចក បានរៀបរាប់ថា លោកយាបានរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាយូរឆ្នាំណាស់មកហើយ។ ចំណែកការសុំច្បាប់សាងសង់ឬជួសជុលផ្ទះ មានភាពងាយស្រួល មិនមានភាពស្មុគស្មាញអ្វីឡើយ ដោយធ្វើឡើងតាមរយៈភូមិ ឃុំ និងបន្តទៅអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះ និងមានក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ចុះមកពិនិត្យទៅតាមអ្វីដែលយើងបានស្នើសុំ។

រូបភាព៖ លោក យី សុថា

លោក នង សុវណ្ណារិទ្ធ អនុប្រធានលេខាធិការដ្ឋានសហគមន៍បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ អាជ្ញាធរជាតិអប្សរា មិនបានហាមឃាត់ការជួសជុលផ្ទះសម្បែង បន្ទប់ទឹក ចង្រ្គានបាយ ឬរោងចិញ្ចឹមសត្វរបស់ពួកគាត់ឡើយ តែនៅពេលត្រូវការសាងសង់ឬជួសជួលលំនៅស្ថានរបស់ខ្លួន ពួកគាត់ត្រូវតែដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា តាមរយៈអាជ្ញាធរភូមិ ឃុំដែលនៅជិតបំផុត។

គូរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នផ្តាច់មុខក្នុងការចេញលិខិតអនុញ្ញាតសាងសង់សម្រាប់ការស្ថាបនាទាំងឡាយក្នុងរង្វង់តំបន់រមណីយដ្ឋានអង្គរ។ រាល់ការដាក់ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋមិនតម្រូវឱ្យបង់ប្រាក់ឡើយ តែពួកគាត់ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីដែលមានការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់៕

រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង