Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាភិបាលបង្កើតក្រុមការងារ ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ធានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

សមាសភាពក្រុមការងារតម្រង់ទិសនេះ មានចំនួន១៣រូប ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាប្រធាន និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាអនុប្រធាន និងលោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធានអចិន្រ្តៃយ៍ ហើយក្រៅពីនោះជាសមាជិក។

នៅក្នុងសេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រង់ប្រការ ២ បានឱ្យដឹងថា ក្រុមការងារនេះ មានតួនាទី និងភារកិច្ចស្របតាមសេចក្តីសម្រេចលេខ២៦ ស ស រ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ចំណែកក្នុងប្រការ ៣ នៃសេចក្តីសម្រេចនេះ បានបញ្ជាឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួង នឹងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង