កណ្តាល៖ លោក ឡូវ សុខសាន បានវ័យត្រឹមតែ ៣១ឆ្នាំ គឺជាយុវជនដ៏មានសក្តានុពលមួយរូបដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតាំងជាអភិបាលស្រុកកៀនស្វាយ។នេះអាចជាភព្វ័សំណាងមួយ សម្រាប់អ្នកស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលទទួលបានអភិបាលស្រុកវ័យក្មេងរូបនេះ។
លោក ឡូវ សុខសាន បញ្ចប់ការសិក្សាបាក់ឌុបនៅវិទ្យាល័យច្បារអំពៅ បន្តការសិក្សាជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ TMC-ACADEMY UNIVERSITYនៅប្រទេសសិង្ហបុរី (ឬសាំងហ្គាពួរ) ។ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ លោកសិក្សានៅសាលាភូមិន្ទរដ្ឋបាល វគ្គវិក្រឹត្យការមធ្យម មានបទពិសោធន៍ការងារជាច្រើនឆ្នាំ ក្នុងវិស័យរដ្ឋបាលសាធារណៈ។
តំណែងជាអភិបាលស្រុកកៀនស្វាយ លោកអភិបាលស្រុកវ័យក្មេងរូបនេះ ចាត់ទុកថា គឺជាមុខតំណែងមួយដែលមានការទទួលខុសត្រូវយ៉ាងធំធេងណាស់ ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។តែដើម្បីឆ្លើយតបចំពោះការគាំទ្រ និងផ្តល់ជំនឿទុកចិត្តលោកបានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងបញ្ចេញនូវកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ចូលខ្លួនបំរើសេវា សាធារណៈ ក្នុងការចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និង ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន។
លោក ឡូវ សុខសាន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ លោកនឹងផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមនយោបាយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រ។
លោកថ្លែងថា "កាលណាយើងជាមន្ត្រីបម្រើសេវាជូនពលរដ្ឋមិនបានល្អ នោះយើងក៏នឹងឈឺចាប់ដូចគ្នា។ឈឺចាប់ព្រោះថា ពលរដ្ឋមិនសប្បាយចិត្តដោយសារ គាត់មិនអាចសម្រេចបំណងរបស់គាត់ ដូច្នេះគាត់នឹងមិនសប្បាយចិត្តជាមួយមន្ត្រីអ្នកផ្តល់សេវា នាំឱ្យមានការឈឺចាប់ទាំងអស់គ្នា ដូច្នេះយើងនឹងព្យាយាមខិតខំប្រឹងប្រែងបម្រើសេវាជូនគាត់តាមតែអាចធ្វើទៅបាន"។
អភិបាលស្រុកវ័យក្មេងរូបនេះ មានផែនការសំខាន់ គឺការពារសន្តិសុខសុវត្តិភាពជូនពលរដ្ឋ និង អ្នកវិនិយោគ តាមគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព, រៀបចំសណ្តាប់ធ្លាប់អនាម័យសាធារណៈ,ពង្រឹងការបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ។អ្វីដែលសំខាន់នោះ ដោយសារមានជំនាញគ្រប់គ្រងអាជីវកម្ម ពីក្រៅប្រទេសផងនោះ លោកអាចព្យាយាមទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុក ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។
តែយ៉ាងណា ដើម្បីការងារដំណើរការល្អ លោកសុំការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវការចូលរួមសាមគ្គីគ្នានៅទូទាំងស្រុក គឺជារឿងសំខាន់។ចូលរួមតាមរយៈការរួមថែរក្សាអនាម័យ ជៀសវាងការបោះចោលសំរាមចោលតាមទីសាធារណៈ រាយការណ៍ជូនអាជ្ញាធរនៅពេលមានហេតុការណ៍អសន្តិសុខកើតឡើង តាមដានសេចក្តីជូនដំណឹងរបស់អាជ្ញាធរ៕