ភ្នំពេញ៖ ក្រុមហ៊ុន Bright Education Consultant and Travel កាលពីថ្ងៃទី១៨ កក្កដា បានសិស្សានុសិស្សកម្ពុជាចំនួន ៣៤រូប ចូលរួមប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad វគ្គផ្តាច់ព្រាត់នៅសហរដ្ធអាមេរិច ។ ក្នុងនោះ សិស្សានុសិស្សកម្ពុជាចំនួន ០៣រូបទទួលពិន្ទុខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំងអស់និងទទួលបានមេដាយមាស។ បន្ថែមពីនេះ សិស្សានុសិស្ស ខ្មែរទទួលបានមេដាយ ប្រាក់ និងសំរិទ្ធផងដែរ។
កាលពីថ្ងៃទី១៨ កក្កដា ក្រុមហ៊ុន Bright Education Consultant and Travel បានបញ្ជូនសិស្សានុសិស្សកម្ពុជា ចំនួន ៣៤ រូប ចូលរួមប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad វគ្គផ្តាច់ព្រាត់នៅទឹកដីសហរដ្ធអាមេរិច ។
មុននឹងបញ្ជូនសិស្សានុសិស្សទៅប្រឡងនៅអាមេរិក កម្ពុជាបានរៀបចំការប្រឡង Copernicus Olympiad លើមុខវិជ្ជាគណិតវិទ្យា។ ការប្រឡងមានចំនួនពីរជុំ ដែលជុំទី០១ បានប្រព្រឹត្តទៅតាមរយះ Online នៅថ្ងៃទី០៧ មេសា ដែលមានបេក្ខជនចូលរួម ចំនួន២១១នាក់ មកពីសាលាចំនួន ៤៣ សាលាទាំងរដ្ធនិងឯកជន។បន្ទាប់ពីជាប់ជុំទី០១ សិស្សានុសិស្សអាចបន្តទៅជុំទី០២ (Global Round)។
ការប្រឡងវគ្គ Global Round ប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ ស្ថិតនៅសកលវិទ្យាល័យ Columbia ទីក្រុងញ៉ូវយ៉ក (New York) ដែលមានប្រទេសចូលរួមលើមុខវិជ្ជាគណិតវិទ្យា ចំនួន ០៩ ប្រទេសក្នុងនោះមាន ប្រទេសកម្ពុជា សហរដ្ឋអាមេរិក ហ្វីលីពីន អង់ហ្គោឡា ប្រេស៊ីល ប៊ុលហ្គារី កៀគីស្ថាន ឡាវ និងប្រទេសវៀតណាម។
ជាលទ្ធផលសិស្សានុសិស្សកម្ពុជាចំនួន ០៣រូប ទទួលពិន្ទុខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំងអស់និងទទួលបានមេដាយមាស។ បន្ថែមពីនេះ សិស្សានុសិស្ស ខ្មែរទទួលបានមេដាយ ប្រាក់ និងសំរិទ្ធផងដែរ។
សិស្សានុសិស្សកម្ពុជាទាំងបីរូបដែលទទួលជ័យលោភីមេដាយមាសតំណាងឲ្យកម្ពុជា រួមមាន៖
១.ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន Westgate International School
២. ជា សឺហ្វុង សិស្សថ្នាក់ទី ៨ មកពីសាលារៀន AIS ( American Intercon School )
៣. រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី ១១ មកពីសាលារៀនវិទ្យាល័យ ឬស្សីកែវ
គួរបញ្ជាក់ថា COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដែលមានមុខវិជ្ជាចំនួន ៥ រួមមាន៖ Mathematics, Natural Science, Physics and Astronomy, Cyber Security and Film Festival ដែលបេក្ខជនចូលរួម ចំនួន១៥៣១ ដែលមក ២៦ ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក៕